ព័ត៌មានសេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា៖ ត្រូវបន្ថែមពាក្យថា គ្រឹះស្ថានឯកជន ចៀសវាងច្រឡំថា ជារបស់រដ្ឋ

ធនាគារនៃកម្ពុជា បានសម្រេចណែនាំឲ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ បន្ថែមនៅលើស្លាកយីហោរបស់ខ្លួន នូវពាក្យថា គ្រឹះស្ថានឯកជន ចៀសវាងច្រឡំថា ជារបស់រដ្ឋ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីម្សិលមិញនេះ។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ហើយសម្រេចឲ្យគ្រឹះស្ថានទាំងអស់ បន្ថែមនូវពាក្យ គ្រឹះស្ថានឯកជន នៅលើស្លាកយីហោរបស់ខ្លួន។

លើសពីនេះទៅទៀត ត្រូវដាក់បង្ហាញនូវស្លាកសញ្ញា គ្រឹះស្ថានឯកជន នៅទីតាំងសមស្រប ក្នុងស្នាក់ការរបស់ខ្លួន ដែលអតិថិជនងាយមើលឃើញ និងអប់រំអតិថិជនរបស់ខ្លួន ឲ្យយល់ច្បាស់ពីវប្បធម៌ឥណទាន និងថាគ្រឹះស្ថានរបស់ខ្លួន មិនមែនជារបស់រដ្ឋ។

គួរបញ្ជាក់ដែរថា កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ត្រូវបញ្ជាក់ថា ខ្លួនឯងជាវិស័យ​ឯកជន មិនមែនជារបស់រដ្ឋទេ៕

មតិយោបល់