ព័ត៌មានសេដ្ឋកិច្ច

បាត់ដំបង នឹងមានឃ្លាំងស្តុកស្រូវ ២សែនតោន និងឡសម្ងួតស្រូវ ៣០០០តោន/ថ្ងៃ

ធនាគារអភិវឌ្ឍន៍ជនបទ បានសម្រេចដាក់ទុនវិនិយោគជាង ១៥លានដុល្លារអាមេរិក ដើម្បីសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ នៅខេត្តបាត់ដំបង ក្នុងឆ្នាំ ២០១៧នេះ។ នេះបើយោងតាមលោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានឲ្យដឹងនៅថ្ងៃនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ គឺធនាគារស្រូវកម្ពុជា ជាអ្នកទទួលបានសិទ្ធិ ក្នុងការអភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវ ២សែនតោន និងឡសម្ងួតស្រូវ ដែលអាចសម្ងួតបាន ៣០០០តោន ក្នុងមួយថ្ងៃ។

គម្រោងនេះ ក៏មានការគំាទ្រពី ធនាគារឯកជន និងមួយផ្នែកពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ ព្រោះបើសិនជាមិនមានឡសម្ងួត និងឃ្លាំងស្តុកស្រូវគ្រប់គ្រាន់ទេ បញ្ហាប្រឈមក្នុងវិស័យនេះ មិនអាចដោះស្រាយបានឡើយ។

ធនាគារស្រូវ គ្រោងរៀបចំសហគមន៍កសិករ តាមរយៈការចុះកិច្ចសន្យាជាមួយកសិករ ដើម្បីធ្វើឲ្យផលិតផលកសិកម្មរបស់ពួកគេ មានតម្លៃប្រកបដោយស្ថិរភាព និងមានទីផ្សារ ជាពិសេសបញ្ចៀសបាននូវការក្រឡុកតម្លៃពីឈ្មួញកណ្តាល។

បច្ចុប្បន្ននៅកម្ពុជា មានរោងម៉ាស៊ីនកិនស្រូវប្រមាណ ២៧០កន្លែង ដែលអាចកិនស្រូវយកអង្ករនាំចេញបាន ប្រកបដោយគុណភាពខ្ពស់។

គួរបញ្ជាក់ដែរថា កាលពីចុងឆ្នាំ ២០១៦កន្លងមកនេះ មានក្រុមហ៊ុនចិន ២ បានបង្ហាញពីគម្រោងវិនិយោគលើទឹកប្រាក់ ៤០០លានដុល្លារអាមេរិក ដើម្បីសាងសង់ឃ្លាំង និងឡសម្ងួតស្រូវ ដើម្បីកិនជាអង្ករនាំចេញទៅកាន់ ប្រទេសចិនផងដែរ៕

មតិយោបល់