ព័ត៌មានសេដ្ឋកិច្ច

អូស្រ្តាលី ផ្អាកនាំចូលបង្កង និងបង្គាឆៅពីវៀតណាម ដោយសារផ្ទុះជម្ងឺកន្ទួល ពណ៌ស

រដ្ឋាភិបាលវៀតណាម បាននិងកំពុងទទូចអំពាវនាវដល់រដ្ឋាភិបាលអូស្រ្តាលី ឲ្យដកបម្រាមរបស់ខ្លួន ក្នុងការនាំចូលបង្កង និងបង្គាឆៅ ពីវាបង្កផលអវិជ្ជមានជាច្រើន ដល់វិស័យចិញ្ចឹម និងកែច្នៃបង្គារបស់វៀតណាម។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិ Vietnam News។

ប្រទេសអូស្រ្តាលី បានប្រកាសផ្អាកការនំាចូលបង្កង និងបង្គាឆៅពី បណ្តាប្រទេសនៅអាស៊ី ដោយសារភ័យខ្លាចនៃ ការផ្ទុះជម្ងឺកន្ទួលពណ៌ស ដែលបង្កឡើងដោយសត្វសមុទ្រទាំងនោះ ហើយបម្រាបនេះ បានចូលជាធរមាន តាំងពីថ្ងៃទី ៩ ខែមករា មកម្ល៉េះ។

បង្គា ដែលត្រូវដឹកយកទៅកាន់អូស្រ្តាលី ក្រោយថ្ងៃ ៩ មករា ត្រូវបាននាំចេញមកវិញ ឬបំផ្លាញចោលតែម្តង ហើយទំនិញផ្សេងៗទៀត ត្រូវពិនិត្យយ៉ាងតឹងរឹងបំផុត។

យ៉ាងណាមិញ បម្រាមនេះ ត្រូវបានធ្វើឡើងក្រោយរដ្ឋាភិបាលអូស្រ្តាលី រកឃើញជម្ងឺកន្ទួលពណ៌ស នៅក្នុងកន្លែងចិញ្ចឹម ៥កន្លែង និងក្នុងទន្លេថែមទៀត តែរដ្ឋាភិបាលមិនទាន់បញ្ជាក់ច្បាស់ពី ការផ្ទុះឡើងនេះទេ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនវៀតណាមចំនួន ២ ដែលនាំបង្គា ចេញទៅប្រទេសអូស្រ្តាលី ប្រមាណ ១៥០តោនជារៀងរាល់ខែនោះ ត្រូវខាតបង់ជាច្រើនលានដុល្លារ ក្នុងរយៈពេលដ៏ខ្លីនេះ៕

មតិយោបល់