ព័ត៌មានសេដ្ឋកិច្ច

JC Airline អាកាសចរណ៍កូនខ្មែរ គ្រោងទិញយន្តហោះបន្ថែមឲ្យបាន២០គ្រឿង នៅឆ្នាំ២០២០

ក្រុមហ៊ុនអាកាសចរណ៍ JC International Airline ជាក្រុមហ៊ុនដែលបោះទុនវិនិយោគ ១០០ភាគរយ ដោយស្ថាបនិកជនជាតិខ្មែរសុទ្ធសាធ គ្រោងទិញយន្តហោះបន្ថែមឲ្យបាន ២០គ្រឿង នៅឆ្នាំ ២០២០ខាងមុខ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។

នាឱកាសទទួល យន្តហោះថ្មីទី ៤ របស់ក្រុមហ៊ុន JC Airline លោក ឆាល វ៉ាន់ ទីប្រឹក្សាក្រុមហ៊ុន JC Airline បានឲ្យដឹងថា ការទិញបន្ថែមយន្តហោះនេះ ដោយសារតែ នៅកម្ពុជា មានកំណើនវិស័យទេសចរណ៍ ក៏ដូចជា វិស័យនិយោគក្រៅប្រទេសចូលមកបណ្តាក់ទុននៅកម្ពុជា កាន់តែរីកចម្រើន។

ជាជំហានដំបូង នៅឆ្នាំ ២០១៧នេះ ក្រុមហ៊ុន គ្រោងទិញយន្តហោះឲ្យបាន ៥គ្រឿង ហើយនៅចុងខែកញ្ញានេះ នឹងទិញយន្តហោះទី ៥ ដើម្បីបង្កើនការហោះហើរបន្ថែម ទៅក្រៅប្រទេស។

លោកស្រី Dong Yan Huang នាយិកាផ្នែកទីផ្សារនៃក្រុមហ៊ុន JC Airline ធ្លាប់បានឲ្យដឹងថា គោលបំណងធំ នៃការបង្កើតក្រុមហ៊ុននេះឡើងគឺ ចង់កែប្រែប្រវត្តិសាស្រ្តទីផ្សារកម្ពុជា ឲ្យក្លាយខ្លួនជា ក្រុមហ៊ុនអាកាសចរណ៍ដំបូង ក្រោមស្ថាបនិកពីជនជាតិខ្មែរ ដែលមានភាគហ៊ុន ១០០ភាគរយ។

លើសពីនេះទៅទៀត ក៏ដោយសារការជឿជាក់យ៉ាងមុតមាំ ទៅលើបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យអាកាសចរណ៍ និងទីផ្សារវិស័យអាកាសចរណ៍កម្ពុជា កាន់តែរីកចម្រើនទៅមុខមិនឈប់ឈរផងដែរ៕

មតិយោបល់