ព័ត៌មានសេដ្ឋកិច្ច

សួនអេកូសហគ្រាសធុនតូចនិងមធ្យម នឹងជម្រុញការកែច្នៃវត្ថុធាតុដើមក្នុងស្រុក សម្រាប់នាំចេញ

សួនអេកូសហគ្រាសធុនតូចនិងមធ្យម ដែលគ្រោងនឹងបង្កើតក្នុងពេលឆាប់ៗខាងមុខនេះ នឹងជួយជម្រុញដល់ការកែច្នៃវត្ថុធាតុដើម ក្នុងស្រុក សម្រាប់នាំចេញ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចេញផ្សាយនៅម្សិលមិញនេះ។

លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា កម្ពុជាជាប្រទេសកសិកម្ម ជាប្រភពនៃវត្ថុធាតុដើម ខណៈការប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម ជាចង្កោមដើម្បីកែច្នៃផលិតផលនាំចេញ ជាគំនិតប្រាកដនិយម និងត្រូវធ្វើឲ្យបានសម្រេច ព្រោះកម្ពុជាសំបូរទំនិញមានសក្តានុពលដូចជា បន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងសមុទ្រ និងកៅស៊ូជាដើម។

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន Worldbridge International Cambodia Ltd ស្តីពីការបង្កើតសួនអេកូសហគ្រាសធុនតូចនិងមធ្យម ក្នុងគោលបំណងប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម ដើម្បីធ្វើការផលិត តម្រង់ទិសទៅរកទីផ្សារនាំចេញនូវផលិតផលដែលមានសក្តានុពល។

លើសពីនេះទៅទៀត សហគ្រាសធុនតូចនិងមធ្យម ក៏អាចទទួលបានអត្ថប្រយោជន៍បន្ថែមដូចជា ទទួលបានតម្លៃបន្ថែម ទីផ្សារការងារ និងការផ្ទេរបច្ចេកវិទ្យាជាដើម។

គួរបញ្ជាក់ថា សួនអេកូសហគ្រាសធុនតូចនិងមធ្យម ត្រូវបានជ្រើសទីតាំងនៅ ភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល៕

14639895_704069919759188_9111080950319968886_n

មតិយោបល់