ព័ត៌មានសេដ្ឋកិច្ច

អេស៊ីលីដា មានពេលយ៉ាងយូរ ៣សប្តាហ៍ ដើម្បីប្តូររូបសញ្ញា «ហង្ស» ចេញ

យ៉ាងយូរត្រឹម ៣សប្តាហ៍ទៀត ធនាគារអេស៊ីលីដា ត្រូវប្តូររូបសញ្ញា សត្វហង្សចេញ ដើម្បីចៀសវាងការច្រឡំថា ជាធនាគាររបស់រដ្ឋ ព្រោះរូបហង្ស គឺជារូបសញ្ញារបស់ជាតិ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងប្រើប្រាស់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ធ្វើឡើងនៅព្រឹកនេះ។

ក្រសួងពាណិជ្ជកម្ម ត្រូវធ្វើការជាបន្ទាន់ជាមួយ ធនាគារអេស៊ីលីដា ឲ្យធ្វើការផ្លាស់ប្តូររូបសញ្ញានេះ ក្នុងរយៈពេល ៣សប្តាហ៍យ៉ាងយូរ ចៀសវាងការយល់ច្រឡំរបស់ប្រជាពលរដ្ឋ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថាសព្វថ្ងៃនេះ នៅទីជនបទ កំពុងមានការភ័ន្តច្រឡំខ្លាំងណាស់​ ដោយបានចាត់ទុកថា ធនាគារអេស៊ីលីដា ជាធនាគាររបស់រដ្ឋ ដោយរូបហង្ស មានលក្ខណៈស្រដៀងគ្នាទៅនឹង រូបហង្ស នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ចេញសេចក្តីប្រកាសព័ត៌មាន និងបញ្ជាក់យ៉ាងច្បាស់ថា ជាធនាគារឯកជនសុទ្ធសាធ មិនមែនជារបស់រដ្ឋាភិបាលនោះទេ។

គួរបញ្ជាក់ដែរថា ធនាគារនៃកម្ពុជា បានសម្រេចណែនាំឲ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ បន្ថែមនៅលើស្លាកយីហោរបស់ខ្លួន នូវពាក្យថា គ្រឹះស្ថានឯកជន ចៀសវាងច្រឡំថា ជារបស់រដ្ឋ៕

មតិយោបល់