ក្រុមអ្នកគាំទ្រនៅប្រទេសរុស្ស៊ីបានចេញមកបញ្ជាក់ថាពួកគេនឹងសងសឹកទៅលើក្រុមអ្នកគាំទ្រអង់គ្លេសវិញ ប្រសិនបើប្រទេសមួយនេះបានលេង World Cup ២០១៨ នៅទឹកដីរុស្សីនោះ។
កាលពីព្រឹត្តិការណ៍ Euro 2016 កន្លងទៅនៅប្រទេសបារាំងនោះ ក្រុមអ្នកគាំទ្រអង់គ្លេសនិងរុស្ស៊ីបានប៉ះគ្នាបង្កជាហិង្សាកើតឡើងម្ដងមកហើយ ដោយគ្រានោះមានអ្នករងរបួសនិងមានអ្នកត្រូវចាប់ខ្លួនជាច្រើនផងដែរ។ ដូច្នេះហើយ នៅ World Cup 2018 ខាងមុខដែលរុស្ស៊ីជាម្ចាស់ផ្ទះវិញនោះ ក្រុមអ្នកគាំទ្រប្រទេសនេះ បានចេញមុខមកនិយាយមិនលាក់បាំងថាពួកគេត្រៀមខ្លួនរួចជាស្រេចហើយដើម្បីសងសឹក ធ្វើបាបក្រុមអ្នកគាំទ្រអង់គ្លេស។
សូមបញ្ជាក់ថាអ្នកគាំទ្រប្រទេសទាំងពីរនេះមិនសូវជាត្រូវគ្នាប៉ុន្មាននោះទេ ដោយតែងតែប៉ះគ្នាជារើយៗឱ្យតែមានការប្រកួតជាមួយគ្នា។ ខណៈដែលក្រុមអ្នកគាំទ្ររុស្ស៊ីហាក់ដូចជារាងកាចបន្តិច ហើយក៏ធ្លាប់រងពិន័យមិនតិចដែរ។
ដោយឡែកសម្រាប់ព្រឹត្តិការណ៍ World Cup 2018 ខាងមុខនេះ រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដោយចំណាយប្រាក់រាប់រយលានដុល្លារ ដើម្បីជួសជុលកីឡដ្ឋាននិងរក្សាសណ្ដាប់ធ្នាប់ក្នុងទីក្រុងនានាដែលមានកីឡដ្ឋានសម្រាប់ធ្វើការប្រកួតផងដែរ៕
មតិយោបល់