ព័ត៌មានបច្ចេកវិទ្យា

កាន់លុយក្រោម ២០០$ តែចង់បានទូរសព្ទអេក្រង់ប្រណិត ថតរូបច្បាស់ល្អមួយគ្រឿង? ៣ ម៉ូឌែលនេះ ធានាថាមិនខកបំណងឡើយ

បច្ចុប្បន្ន នៅលើទីផ្សារទូរសព្ទរបស់កម្ពុជា គឺមានស្មាតហ្វូនច្រើនម៉ូឌែល ច្រើនស៊េរី និងច្រើនក្រុមហ៊ុនណាស់ ដែលធ្វើឱ្យលោកអ្នកពិបាកក្នុងការជ្រើសរើស ហើយមិនដឹងថាមួយណាល្អសាកសមទៅតាមតម្រូវការ និងហិរិញ្ញវត្ថុរបស់ខ្លួន។

ម្លោះហើយ Post Tech បានបង្កើតប្រធានបទនេះឡើងដើម្បីណែនាំឱ្យលោកអ្នកអាចស្វែងរកឧបករណ៍ដែលខ្លួនចង់បានប្រកបដោយភាពឆ្លាតវៃ។

ខាងក្រោមនេះ ក្រុមការងារយើងខ្ញុំសូមបង្ហាញជូនប្រិយមិត្តនូវជម្រើសស្មាតហ្វូនល្អបំផុតលើគុណភាពអេក្រង់ និងសមត្ថភាពកាមេរ៉ាដែលមានតម្លៃក្រោម ២០០ ដុល្លារ។

Xiaomi Redmi 4 Prime (តម្លៃ ១៦៥ ដុល្លារ)

ជាស្មាតហ្វូនរបស់ក្រុមហ៊ុនចិន ដែលទើបប្រកាសចេញនាចុងឆ្នាំ ២០១៦ នេះ ជាមួយរចនាបថយ៉ាងល្អប្រណិត ស្រោបដោយលោហៈអាលុយមីញ៉ូម និងមាន ៣ ពណ៌សម្រាប់ជ្រើសរើស គឺ ទឹកមាស ប្រផេះ និងប្រាក់។

Xiaomi Redmi 4 Prieme បំពាក់អេក្រង់ Full HD ប្រភេទ IPS LCD ទំហំ ៥ អីុញ ដែលមានកម្រិតភាពច្បាស់រហូតដល់ 441ppi អាចបញ្ចាំងរូបភាពបានយ៉ាងល្អប្រណិត។ មិនតែប៉ុណ្ណោះ កាមេរ៉ាមុខ/ក្រោយរបស់វា គឺមានទំហំរហូត ៥/១៣ មេហ្គាភិចសែល ហើយថែមទាំងមានអមមកជាមួយបន្ទះស្គេនម្រាមដៃមួយនៅពីក្រោមថែមទៀតផង។

ក្រៅពីនេះ វាប្រើ CPU ជំនាន់ Octa-core ល្បឿន ២ ជីហ្គាហ៊ឺត អមជាមួយ RAM ទំហំ ៣ ជីហ្គាបៃយ៍ និងអង្គចងចាំជាប់ម៉ាស៊ីនទំហំ ៣២ ជីហ្គាបៃយ៍ អាចផ្តល់នូវដំណើរការប្រើប្រាស់កម្មវិធី ការទស្សនាវីដេអូ Full HD និងលេងហ្គេមធំៗបានដោយរលូន ជាមួយប្រព័ន្ធ Android 6.0 ជាមកពីប្រអប់ស្រាប់តែម្តង។ ចំណែកថ្មវិញ វាមានថាមពល ៤,១០០ មីល្លីអំព៊ែរ។

Sony Xperia C4 (តម្លៃ ១៨៩ ដុល្លារ)

ស្មាតហ្វូនដែលបានប្រកាសចេញនៅពាក់កណ្តាលឆ្នាំ ២០១៥ របស់ក្រុមហ៊ុន Sony មួយម៉ូឌែលនេះ វារៀងថ្លៃជា Redmi 4 Prime បន្តិចមែន ប៉ុន្តែ វាមានពណ៌ស្រស់ឆើតឆាយគឺខ្មៅ ស និងបៃតង ហើយជាផលិតផលរបស់ក្រុមហ៊ុនជប៉ុន និងមានទំហំអេក្រង់ធំជាងបន្តិច គឺ ៥.៥ អីុញ។ ចំណែកសមត្ថភាពកាមេរ៉ាមុខ/ក្រោយ គឺកម្រិតភាពច្បាស់នៃអេក្រង់វិញ គឺប្រដំត្រសងទៅនឹង Remni 4 Prime អីចឹងដែរ។

Sony Xperia C4 បំពាក់ CPU ជំនាន់ Octa-core ល្បឿន ១.៧ ជីហ្គាហ៉ឺត RAM ទំហំ ២ ជីហ្គាបៃយ៍ និងអង្គចងចាំជាប់ម៉ាស៊ីន ១៦ ជីហ្គាបៃយ៍ ទាបជាងស្មាតហ្វូនរបស់ក្រុមហ៊ុនចិនបន្តិច ប៉ុន្តែ វានៅតែអាចប្រតិបត្តិការកម្មវិធី-ហ្គេម ជាពិសេសវីដេអូធំៗបានច្បាស់ និងរលូនដដែល ជាមួយប្រព័ន្ធ Android 5.0 ដែលអាចកែឡើងដល់ជំនាន់ 6.0 បាន។ ដោយឡែក វាពុំមានបន្ទះស្គេនក្រយៅដៃអ្វីនោះទេ។ ចំណែកថ្មវិញ វាមានថាមពល ២,៦០០ មីល្លីអំព៊ែរ។

Huawei GR5 Mini (តម្លៃ ១៨៥ ដុល្លារ)

ជាប្រភេទស្មាតហ្វូនស៊ីមពីរ និងផលិតឡើងដោយក្រុមហ៊ុនចិនដូចគ្នាទៅនឹង Redmi 4 Prime អីចឹងដែរ ហើយវាក៏មានភ្ជាប់មកជាមួយបន្ទះស្គេនក្រយៅដៃដូចគ្នា ប៉ុន្តែ សម្បកក្រោយរបស់វាផលិតពីអាលុយមីញ៉ូមរចនាម៉ូដរៀងឆ្នូតៗ ខុសគ្នាបន្តិចទៅនឹង Redmi 4 Prime ដែលរៀងរលើបរលោង។

Huawei GR5 Mini បំពាក់អេក្រង់ ៥.២ អីុញ តូចជាអេក្រង់របស់ Xperia C4 បន្តិច តែវាបំពាក់កាមេរ៉ាមុខរហូតដល់ ៨ មេហ្គាភិចសែល ឯកាមេរ៉ាមុខ ១៣ មេហ្គាភិចសែល។ ដោយឡែកលក្ខណៈសម្បត្តិដទៃផ្សេងទៀត គឺវាប្រហាក់ប្រហែលទៅនឹងរបស់ក្រុមហ៊ុន Xiaomi និង Sony ផងដែរ។ ចំណែកថ្មវិញ វាមានថាមពល ៣,០០០ មីល្លីអំព៊ែរ។

សរុបៈ ចំពោះទូរសព្ទដៃទាំងបីខាងលើ គឺវាមានសមត្ថភាពប្រហាក់ប្រហែលគ្នា ទៅលើកម្រិតភាពច្បាស់នៃអេក្រង់ និងកាមេរ៉ាមុខ/ក្រោយ។ ដោយឡែក រចនាបថនៃរូបរាង និងម៉ាកយីហោរបស់វាប៉ុណ្ណោះ ដែលលោកអ្នកគួរតែពិចារណា ថាមួយណាដែលប្រិយមិត្តពេញចិត្តជាងគេ។ Post Tech នឹងធ្វើការស្វែងរកជម្រើសផលិតផលដែលល្អបំផុតសម្រាប់ប្រិយមិត្តបានទទួលជ្រាបតាមរយៈអត្ថបទ #BestChoice លើកក្រោយៗទៀត៕

 

មតិយោបល់