កម្ពុជា បានមានបំណងធ្វើជាប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច នៅឯអង្គការពាណិជ្ជកម្មពិភពលោក (WTO) សម្រាប់ឆ្នាំ ២០១៧ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយប្រមាណជា ៣ម៉ោងមុននេះ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីនៃក្រសួងពាណិជ្ជកម្ម បានលើកឡើងពីចេតនារបស់កម្ពុជា ក្នុងការធ្វើជាប្រធានក្រុមសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច ដែលទទួលបានការស្វាគមន៍ និងអបអរចំពោះបំណងរបស់កម្ពុជា ដោយលោក March Vanheukelen នេះបើយោងតាមជំនួបពិភាក្សារវាងលោក ប៉ាន សូរស័ក្តិ និងលោក March Vanheukelen ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប នៅទីក្រុងហ្សឺណែវ សាធារណរដ្ឋស្វីស។
លោក March Vanheukelen ក៏បានសន្យាថា នឹងជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឲ្យកម្ពុជាទទួលបានជោគជ័យ ក្នុងការដឹកនាំក្រុមប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់។
លោក ក៏បានសន្យានឹងជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងជួយជម្រុញឲ្យសហគមន៍អឺរ៉ុបបន្តអនុញ្ញាតដល់កម្ពុជា អាចធ្វើការនាំចូលបំណែកផ្គុំពី ប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗនៅក្នុងតំបន់ ដើម្បីជម្រុញដំណើរការរោងចក្រផលិតកង់នៅកម្ពុជា៕



មតិយោបល់