ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសរៀបចំនីតិវិធីផ្តល់ភាពស្របច្បាប់ជូន ដោយចុះទៅជួយបំពេញលិខិតស្នាម និងឯកសារឲ្យបានត្រឹមត្រូវ ខណៈមានពលករកម្ពុជា កំពុងធ្វើការងារខុសច្បាប់ ក្នុងប្រទេសថៃ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។
ចាប់ពីពេលនេះតទៅ ពលករដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃ ដែលមិនទាន់ស្របច្បាប់ រដ្ឋាភិបាល នឹងជួយរៀបចំបែបបទ និងនីតិវិធីឲ្យស្របច្បាប់ ដើម្បីការពារឲ្យពលករកម្ពុជា ទៅធ្វើការនៅក្រៅប្រទេស មានសុវត្ថិភាព។
គិតមកទល់ពេលនេះ ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ គឺមានប្រមាណ ៣០ភាគរយទៀត ពុំទាន់មានបែបបទគ្រប់គ្រាន់ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានិងថៃ បានព្រមព្រៀងគ្នាផ្តល់សុវត្ថិភាពជូនពលករកម្ពុជាដែលមិនទាន់ស្របច្បាប់។
គួរបញ្ជាក់ដែរថា គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០១៦ កម្ពុជាមានពលករដែលកំពុងធ្វើការងារ នៅក្រៅប្រទេសចំនួនជាង ១.១៥លាននាក់ ក្នុងនោះប្រទេសថៃចំនួនជាង ១លាននាក់ កូរ៉េជាង ៤ម៉ឺននាក់ ជប៉ុនជិត ៤ពាន់នាក់ ម៉ាឡេស៊ីជាង ៤ម៉ឺននាក់ និងសិង្ហបុរីជិត ៥០០នាក់៕
មតិយោបល់