ម៉ាទ្បេស៊ីៈ ស្ថានទូតកូរ៉េខាងជើង នៅទីក្រុងគូឡាឡាំពួ បានចោទប្រកាន់ប្រទេសម៉ាឡេស៊ី ចំពោះរឿងស៊ើបអង្កេតលើការស្លាប់របស់លោក គីម ជុងណាំ និងជំរុញឲ្យប្រទេសនេះ ប្រគល់សពលោក មកកាន់កូរ៉េខាងជើងវិញ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។
ថ្លែងទៅកាន់ទូរទស្សន៍ Channel NewsAsia និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក Kang Chol បានឲ្យដឹងថា រដ្ឋាភិបាលក្រុងព្រុងយ៉ាង បដិសេធយ៉ាងដាច់អហង្ការ ចំពោះទង្វើរដ្ឋាភិបាលគូឡាឡាំពួ ជុំវិញលទ្ធផលក្រោយការធ្វើកោសល្យវិច័យលោក គីម ជុងណាំ ហើយបានព្រមានថា ខ្លួននឹងនាំយកបញ្ហានេះ ទៅកាន់តុលាការអន្តរជាតិ។
ក្នុងនោះដែរ លោក Chol បានទាមទារឲ្យប្រទេសម៉ាឡេស៊ី ប្រគល់សាកសព លោក គីម ជុងណាំ ទៅកាន់កូរ៉េខាងជើង ដោយគ្មានការពន្យារពេល។
សូមជំរាបថា លោក គីម ជុងណាំ ត្រូវគេធ្វើឃាតដោយដាក់ថ្នាំបំពុល នៅឯព្រលានយន្តហោះអន្តរជាតិទីក្រុងគូឡាឡាំពួ កាលពីថ្ងៃចន្ទ អំទ្បុងពេលដែលលោក កំពុងរងចាំជើងហោះហើរបរទេសត្រទ្បាប់ទៅទីក្រុងម៉ាកាវវិញ៕
មតិយោបល់