សហគ្រាសធុនតូច-មធ្យម ត្រូវបានលើកលែងពន្ធលើប្រាក់ចំណូលចំនួន ២ឆ្នាំ ក្រោមលក្ខខណ្ឌចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ក្នុងអំឡុងឆ្នាំ ២០១៧ និងឆ្នាំ ២០១៨។ នេះបើយោងតាមការឲ្យដឹងនៅថ្ងៃនេះ ពី អគ្គនាយកដ្ឋានពន្ធដារ។
ការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ២ឆ្នាំ គឺគិតចាប់ពីឆ្នាំ ដែលទទួលបានប្រាក់ចំណូលដំបូងចំពោះសហគ្រាសដែលពុំទាន់មានប្រាក់ចំណូល ឬចាប់ពីឆ្នាំដែលចុះបញ្ជីពន្ធដារចំពោះសហគ្រាស ដែលមានប្រាក់ចំណូលរួចហើយ។
ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលនេះ សហគ្រាសក៏ត្រូវបានលើកលែងពី ការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមាផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីផុតរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលដូចរៀបរាប់ខាងលើ សហគ្រាស ត្រូវបង់ពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា ទៅតាមលក្ខខណ្ឌ ដែលកំណត់ដោយច្បាប់ស្តីពី សារពើពន្ធ។
គួរជម្រាបដែរថា រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីចូលរួមចំណែកអភិវឌ្ឍសហគ្រានធុនតូច-មធ្យម តាមរយៈការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត៕
មតិយោបល់