ព័ត៌មានសេដ្ឋកិច្ច

ភ្ញៀវទេសចរ ចង់ឡើងប្រាសាទកំពូលភ្នំបាខែង កំណត់ត្រឹមតែ ៣០០នាក់ប៉ុណ្ណោះ

អាជ្ញាធរជាតិអប្សរា បានកំណត់ចំនួនភ្ញៀវទេសចរ ដែលចង់ទៅទស្សនាពេលថ្ងៃលិច លើប្រាសាទកំពូលភ្នំបាខែង គឺត្រឹមតែ ៣០០នាក់ប៉ុណ្ណោះ នៅពេលទស្សនាម្តងៗ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

ជារៀងរាល់ថ្ងៃ គឺមានភ្ញៀវទេសចរជាច្រើន បាននាំគ្នាឡើងមកលើភ្នំបាខែង ក្នុងបំណងមើលថ្ងៃលិច និងមើលប្រាសាទ តែបើចំនួនភ្ញៀវទេសចរលើសពី ៣០០នាក់ គឺត្រូវរៀបចំឲ្យទស្សនាថ្ងៃលិច ត្រឹមពីលើកំពូលភ្នំ មិនអានឡើងប្រាសាទបានទៀតនោះទេ។

បើភ្ញៀវចង់ឡើងទស្សនាប្រាសាទ ត្រូវរង់ចំាពេលដែលអ្នកឡើងមុន ចុះមកវិញសិន ទើបអនុញ្ញាតឲ្យអ្នកថ្មីឡើងបន្តទៀតបាន។

អាជ្ញាធរអប្សរា ក៏បានរាយបណ្តាក់គ្នាពិនិត្យសំបុត្រ និងរាប់ចំនួនភ្ញៀវទេសចរ ដែលឡើងទៅលើកំពូលភ្នំបាខែង ហើយនៅជើងជណ្តើរនៃប្រាសាទភ្នំបាខែង គឺមានភ្ញៀវទេសចរចម្រុះជាតិសាសន៍រាប់ពាន់នាក់ ឈរតម្រង់ជួរ ដើម្បីរង់ចាំឡើងទៅទស្សនានៅលើកំពូលភ្នំ។

គួរបញ្ជាក់ដែរថា ភ្នំបាខែង មានកំពស់ ៦៥ម៉ែត្រ ហើយនៅលើកំពូលភ្នំមានប្រាសាទបុរាណធំមួយ ដែលមានកំពូលចំនួន ១០៩៕

មតិយោបល់