ព័ត៌មានសេដ្ឋកិច្ច

Goodways Agri នឹងប្រមូលទិញដំឡូងមីទាំងអស់នៅកម្ពុជា នាំចេញទៅក្រៅប្រទេស

ក្រុមហ៊ុន Goodways Agri នឹងប្រមូលទិញដំឡូងមីទាំងអស់នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀត។ នេះបើយោងតាមការឲ្យដឹងនៅថ្ងៃនេះពី បុគ្គលិកនៃក្រុមហ៊ុន Goodways Agri។

បច្ចុប្បន្ន ក្រុមហ៊ុន កំពុងប្រមូលទិញដំឡូងមី ដើម្បីនាំចេញទៅក្រៅប្រទេស ក្នុងតម្លៃប្រហែល ១.៥បាត (ដំឡូងមីស្រស់) និង ៤.២បាត (ដំឡូងមីក្រៀម) ហើយចំពោះការនាំចេញទៅប្រទេសចិន ពុំទាន់អាចបញ្ជាក់តម្លៃបានទេ។

យ៉ាងណាមិញ ក្រុមហ៊ុន Goodways Agri ស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នឹងទទួលទិញដំឡូងមី ពីប្រជាពលរដ្ឋខ្មែរគ្រប់រូប ដើម្បីជួយស្ទួយដល់វិស័យដំឡូងមីនៅកម្ពុជា និងបញ្ចៀសបញ្ហាខ្វះទីផ្សារ។

កាលពីម្សិលមិញនេះ ក្រសួងពាណិជ្ជកម្ម ក៏បានបើកព្រឹត្តិការណ៍ទិវាដំឡូងមីលើកទី ១ ដើម្បីជម្រុញវិស័យដំឡូងមី លើកកម្ពស់ និងបង្កើនការនាំចេញ។

នេះជាព្រឹត្តិការណ៍ទី ១ហើយ ដែលប្រព្រឹត្តិទៅនៅខេត្តបាត់ដំបង ដើម្បីគាំទ្រដល់វិស័យដំឡូងមី តាមរយៈការតភ្ជាប់បណ្តាញទំនាក់ទំនងកសិករ ជាមួយអ្នកកែច្នៃ និងអ្នកនាំចេញ ឲ្យមានភាពរឹងមាំ និងប្រទាក់ក្រឡា និងផ្តល់ឱកាសដល់ភាគីទាំងអស់ កំណត់ពីបញ្ហាប្រឈម​ ផ្លាស់ប្តូរព័ត៌មាន និងចំណេះដឹងទៅវិញទៅមក។

គួរជម្រាបដែរថា ផ្ទៃដីដាំដុះដំឡូងមី បានកើនឡើងចាប់ពី ៤០០ពាន់ហិកតា ក្នុងឆ្នាំ ២០១១ ដល់ ៥៧៤ពាន់ហិកតា ក្នុងឆ្នាំ ២០១៥ ដែលបានផ្តល់ទិន្នផលសរុប ១៣លានតោន៕

មតិយោបល់