ព័ត៌មានសេដ្ឋកិច្ច

ធនាគារជាតិ សម្រេចកំណត់ អត្រាការប្រាក់ឥណទានខ្ពស់បំផុតត្រឹម ១៨%ក្នុង១ឆ្នាំ

ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ពិដានអត្រាការប្រាក់ឥណទាន ដែលផ្តល់ឲ្យដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺខ្ពស់បំផុតត្រឹម ១៨ភាគរយក្នុង១ឆ្នាំ ហើយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៧នេះហើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃនេះ។

ការដាក់ពិដានឥណទាននេះ មានន័យថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ អាចកំណត់អត្រាការប្រាក់ខ្ពស់បំផុតត្រឹម ១៨ភាគរយក្នុង១ឆ្នាំ ពីអតិថិជនដែលខ្ចីប្រាក់ពីគ្រឹះស្ថាន។

ការសម្រេចដាក់ពិដានអត្រាការប្រាក់ឥណទាន គឺដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ទប់ស្កាត់បំណុលវ័ណ្ឌក និងកាត់បន្ថយភាពក្រីក្រ។

លើសពីនេះទៅទៀត វាក៏ការពារអតិថិជនពីការគិតការប្រាក់ខ្ពស់ពេក ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជម្រុញការប្រើប្រាស់ឥណទានឲ្យកាន់តែមានប្រសិទ្ធភាព និងមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ក្នុងការផ្តល់ឥណទាន៕

មតិយោបល់