ព័ត៌មានសេដ្ឋកិច្ច

អំបិល គ្មានជាតិអ៊ីយ៉ូតតាមស្តង់ដា នឹងត្រូវរឹបអូស ឬឈានដល់ការបិទអាជីវកម្មតែម្តង

អគ្គនាយកដ្ឋានកាំកុងត្រូល នឹងចាត់វិធានការ ចំពោះសិប្បកម្ម ឬកន្លែងផលិតអំបិល ដែលមិនមានដាក់ជាតិអ៊ីយ៉ូត ក្នុងអំបិលតាមកម្រិតស្តង់ដាទេនោះ នឹងត្រូវដកហូតមិនឲ្យធ្វើអាជីវកម្មតែម្តង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

ចាប់ពីពេលនេះទៅ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងប្រមូលយកអំបិលទាំងអស់ នៅតាមសិប្បកម្ម និងការដាក់លក់លើទីផ្សារ មកធ្វើការពិសោធន៍ ស្វែងរកសារធាតុអ៊ីយ៉ូត។

ក្នុងករណីរកឃើញថា អំបិលគ្មានជាតិអ៊ីយ៉ូត អ្នកលក់ទាំងអស់ ត្រូវប្រមូលអំបិលទាំងអស់ យកទៅកន្លែងទិញមកពីសិប្បកម្ម ឬកន្លែងផលិត ដោយត្រូវមានកិច្ចសន្យារវាងអ្នកទិញ និងអ្នកលក់ បញ្ជាក់ថា អំបិលនេះពិតជាមានជាតិអ៊ីយ៉ូតពិតប្រាកដ។

ចំពោះអំបិលក្លែងក្លាយ ដែលលួចយកអំបិលគ្មានជាតិអ៊ីយ៉ូត ទៅដាក់ក្នុងថង់ ឬស្បោង សរសេរថា មានជាតិអ៊ីយ៉ូតនោះ កាំកុងត្រូលត្រូវចាត់វិធានការ រឹបអូសយកតែម្តងចំពោះសិប្បកម្ម ឬកន្លែងផលិត ដែលក្លែងបន្លំ។

ចំពោះការនំាចូលនូវអំបិលមកពីប្រទេសថៃ និងវៀតណាម មកលក់នៅទីផ្សារកម្ពុជា ភាគច្រើនមិនមានដាក់សារធាតុអ៊ីយ៉ូតនោះទេ។

តាមរបាយការណ៍អង្កេតរបស់ក្រសួងផែនការ បានបង្ហាញថា ក្នុងចំណោមការចុះធ្វើការពិនិត្យទៅលើ ផ្សារចំនួន ៣០ និងខេត្តចំនួន ១៤ នៅទូទាំងប្រទេស ដែលយកសំណាកគំរូជាង ២៥០គំរូ មកវិភាគលើកម្រិតសារធាតុអ៊ីយ៉ូតនៅក្នុងអំបិល ជាលទ្ធផលរកឃើញថា មានតែ ៧.៩ភាគរយទេ ដែលមានជាតិអ៊ីយ៉ូតអាចទទួលយកបាន៕

មតិយោបល់