ព័ត៌មានសេដ្ឋកិច្ច

វិនិយោគិនអូទ្រីស ចាប់អារម្មណ៍វិនិយោគនៅ កម្ពុជា ស្នើឲ្យមានការអនុគ្រោះ

លោកជំទាវបណ្ឌិត Eva Hager ឯកអគ្គរដ្ឋទូតប្រទេសអូទ្រីសប្រចាំនៅកម្ពុជា បានស្នើឱ្យ មានអនុគ្រោះនានា ចំពោះអ្នកវិនិយោគិនអូទ្រីស ដែលមានបំណងមកវិនិយោគនៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវបណ្ឌិត Eva Hager ដែលមានវិនិយោគិនអូទ្រីសចំនួន ១៧ ក្រុមហ៊ុន ដែលបានចូលរួមមកជាមួយគណៈប្រតិភូ បានជួបពិភាក្សាកម្រិតបច្ចេកទេសដោយឡែកៗ ជាមួយថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីបរិយាកាស វិនិយោគនៅកម្ពុជា និងការរៀបចំ គម្រោងជាក់លាក់ជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធនៃ ប្រទេសទាំងពីរ។

នាឱកាសនោះ លោកជំទាវបានស្នើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យមានការអនុគ្រោះនានា ចំពោះអ្នកវិនិយោគិនអូទ្រីស ដែលមានបំណងមកវិនិយោគនៅកម្ពុជាផង។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា ភាគីអូទ្រីស ក៏មានគោលបំណង ផ្តល់ជូនល័ក្ខខ័ណ្ឌឥណទានដែលមានលក្ខណៈសម្បទានខ្ពស់ដល់កម្ពុជា សម្រាប់គម្រោងជាក់លាក់មួយចំនួន ដែលស្របតាមអាទិភាព និងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ហើយភាគីមិត្តក៏បានត្រៀមលក្ខណៈ រួចជាស្រេចដើម្បីផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង នាពេលឆាប់ៗខាងមុខផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ដល់ភាគីទូតអូទ្រីសថា ដើម្បីទាក់ទាញអ្នកវិនិយោគិនបរទេស ឱ្យកាន់តែមានចំនួនច្រើនមកបណ្តាក់ទុននៅកម្ពុជា បន្ថែមលើគោលនយោបាយ នៃការអនុគ្រោះ និងគាំពារវិនិយោគពីបរទេស កម្ពុជាបាននិងកំពុងអនុវត្តន៍នូវ បរិយាកាសធុរកិច្ច អំណោយផល (Friendly Business Environment) មិនតែចំពោះ អ្នកវិនិយោគិនអូទ្រីសនោះទេ តែចំពោះវិនិយោគគិនបរទេសទាំងអស់។

ឯកឧត្តមបណ្ឌិត សភាចារ្យជឿជាក់ថា តាមរយៈការបើកស្ថានកុងស៊ុលកិត្តិយសរបស់អូទ្រីស នៅកម្ពុជាកាល ពីចុងឆ្នាំ២០១៧ កន្លងមកនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេស ទាំងពីរ កម្ពុជា-អូទ្រីស នឹងត្រូវបានពង្រឹង និងពង្រីកថែមទៀតនៅលើគ្រប់វិស័យ៕

មតិយោបល់