ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច ព្រឹត្តិការណ៍ សំខាន់ៗ

៥ឆ្នាំជាប់ៗគ្នា សែលកាត លើកពានក្រុមហ៊ុនឆ្នើមនៅតំបន់អាស៊ី

ភ្នំពេញៈ ក្រុមហ៊ុនឆ្នើមដែលគួរឲ្យចង់បម្រើការងារបំផុតនៅអាស៊ី គឺបានទៅលើក្រុមហ៊ុន សែលកាត ដែលជាជ័យលាភីក្រុមហ៊ុនឆ្នើមបំផុតនៅអាស៊ី លើកទី៥ សម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលរៀបចំឡើងដោយវិទ្យាស្ថានវាយតម្លៃពាណិជ្ជនាមក្រុមហ៊ុន សហគ្រាសឧស្សាហកម្ម (World HRD Congress and Stars) និងទទួលស្គាល់ដោយ សហព័ន្ធពាណិជ្ជកម្មអាស៊ី (Asian Confederation of Businesses)។

ការឈ្នះជ័យលាភីរបស់ សែលកាត ក្នុងព្រឹត្តិការណ៍ប្រគល់រង្វាន់ប្រចាំឆ្នាំ2016 កាលពីពេលថ្មីៗក្នុងចំណោមបណ្ដាក្រុមហ៊ុនឆ្នើមនៅអាស៊ី ជាជ័យលាភីដែលទទួលបានរយៈពេល៥ឆ្នាំជាប់ៗគ្នា ដែលខ្លួនអាចធ្វើបានក្នុងតួនាទីជាក្រុមហ៊ុនមួយនៅតំបន់អាស៊ី ក៏ដូចជា ត្រូវបានទទួលស្គាល់សម្រាប់ការប្រកាន់ខ្ជាប់នូវភាពល្អឥតខ្ចោះ ក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស។ វាជាសក្ខីភាពដែលបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការបង្កើត និងរក្សាបាននូវបរិយាកាសការងារ និងវប្បធម៌ ដែលបានចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍជំនាញ និងផ្ដល់ឱកាសរីកចម្រើនសម្រាប់ការងារផងដែរ។

ឆ្នាំនេះ ក្រៅពីពានរង្វាន់ខាងលើ សែលកាត ក៏មានមោទនភាពនាំយកនូវពានរង្វាន់បន្ថែមទៀត ពីក្នុងព្រឹត្តិការណ៍ដ៏នក្ខត្តឫក្សនេះ មកកាន់មាតុប្រទេសវិញផងដែរ។ នោះ គឺការទទួលស្គាល់ សែលកាត ជាក្រុមហ៊ុនដែលមាននាយកដ្ឋានធនធានមនុស្ស ប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍ប្រកបដោយលក្ខណៈពិសេសដោយឡែក និងការផ្សារភ្ជាប់គំនិតផ្ដួចផ្ដើម ដែលផ្ដោតសំខាន់លើនិយោជិត។

នាយកប្រតិបត្តិធនធានមនុស្សក្រុមហ៊ុនសែលកាត អ្នកស្រី នីគី អេនរីគេ្វស្ស បានថ្លែងថា បុគ្គលិក សែលកាត ពេញចិត្តខ្លាំងចំពោះការងាររបស់ពួកគេ។ អ្នកស្រីបន្ថែមថា «យើងក៏បន្តស្វែងរកមធ្យោបាយអភិវឌ្ឍកែលម្អដើម្បីរួមចំណែកចំពោះសុខុមាលភាព និងការងារបុគ្គលិករបស់យើង តាមរយៈឱកាសបណ្ដុះបណ្ដាលផ្សេងៗដែលអាចឲ្យពួកគាត់ដុសខាត់ជំនាញ ក៏ដូចជា យកចិត្តទុកដាក់ចំពោះបរិយាកាសមួយដែលអាចឲ្យពួកគាត់សិក្សា និងអនុវត្តតួនាទីភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងការងារជាក្រុម។ ក្រៅពីនេះ យើងបានគាំទ្រ និងធានាចំពោះតុល្យភាពជីវិតការងារដ៏ប្រសើរជាមួយសកម្មភាពទូទៅនានា ដែលជាការលើកកម្ពស់ការបំពេញការងារដោយរីករាយ។ កត្តានេះ មានសារៈសំខាន់ណាស់ចំពោះស្ថាប័នធំៗ ដូចជា សែលកាត ជាដើម ដែលមាននិន្នាការផ្ដោតលើឯកត្តជន និងផ្នែកនានាដើម្បីធ្វើការឲ្យស៊ីសង្វាក់គ្នា ហើយយើងក៏ធានាថា យើងមានច្រក និងមធ្យោបាយជាច្រើន សម្រាប់ឲ្យបុគ្គលិកយើងធ្វើការរួមគ្នា ផ្លាស់ប្ដូរគំនិតយោបល់ សហការ ដើម្បីឲ្យស្គាល់គ្នាកាន់តែជិតស្និទ្ធ និងបម្រើការងារដោយភាពរីករាយ»

ការប្រគល់ជ័យលាភីក្រុមហ៊ុនឆ្នើមនៅអាស៊ី ២០១៦ ប្រព្រឹត្តទៅនៅសណ្ឋាគារ Pan Pacific ផ្សារទំនើប Marina Square ប្រទេសសិង្ហបុរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំពាណិជ្ជកម្មជាន់ខ្ពស់រាប់រយនាក់ មកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ មានវត្តមានក្នុងព្រឹត្តិការណ៍ដ៏មហោឡារឹកនេះ លោក ជរ សុជាតិ ប្រធានគ្រប់គ្រងផ្នែកសេវាកម្មបុគ្គលិក លោក ចាន់ វិបុល ប្រធានផ្នែកជ្រើសរើស បុគ្គលិក និងអ្នកស្រី ម៉ារីណា ពីខាទីវ៉ា ប្រធានគម្រោងពិសេស បានចូលរួមទទួលពានរង្វាន់ដ៏មហាកិត្តិយសនេះ តំណាងក្រុមហ៊ុនសែលកាត។

អ្នកស្រី នីគី អេនរីគេ្វស្ស ក៏បានថ្លែងពីចំណាប់អារម្មណ៍ ដោយក្ដីរំភើបថា «ការនាំយកនូវពានរង្វាន់លើកទី៥នេះ មកកាន់មាតុប្រទេសយើង ដែលជានិមិត្តរូបនៃការទទួលស្គាល់រយៈពេល៥ឆ្នាំជាប់ៗគ្នា ក្នុងនាមក្រុមហ៊ុនមួយក្នុងតំបន់ដែលបុគ្គលិកប្រាថ្នាចង់បម្រើការងារ គឺជាមហាកិត្តិយសដ៏ថ្លៃថ្លាមួយសម្រាប់យើង។ យើងក៏មានមោទនភាពដែលអាចរក្សាបាននូវស្ដង់ដារលំដាប់អន្តរជាតិសម្រាប់កន្លែងការងារ និងការអភិវឌ្ឍធនធានមនុស្ស។ ជ័យជម្នះនេះ កាន់តែជំរុញឲ្យយើង ខិតខំប្រឹងប្រែងធ្វើបន្ថែមទៀត ឲ្យកាន់តែប្រសើរ ហើយយើងនឹងអាចធ្វើបាន។ យើងក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅផងដែរ ចំពោះម្ចាស់ភាគហ៊ុន អ្នកឧកញ៉ា គិតម៉េង ឧកញ៉ា គិត ធាង និងនាយកប្រតិបត្តិរបស់យើង គឺលោក អៀន វ៉ាត់សុន ចំពោះកិច្ចគាំទ្រឥតឈប់ឈរក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍធនធានមនុស្សរបស់យើងខ្ញុំ»

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ខ្មែរ សុទ្ធសាធ និងជាក្រុមហ៊ុនផ្ដល់សេវាកម្មទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា។ ក្រុមហ៊ុន សែលកាត បានសម្ពោធដំណើរការនៅឆ្នាំ១៩៩៨ ហើយបានក្លាយជាក្រុមហ៊ុនស្ដង់ដារមួយនៅកម្ពុជា ដែលផ្ដល់នូវគុណភាព អត្ថប្រយោជន៍ និងសេវាកម្មឈានមុខគេ និងបន្តយកចិត្តទុកដាក់ក្នុងកិច្ចអភិវឌ្ឍមធ្យោបាយថ្មីៗ ដើម្បីគាំទ្រ និងលើកកម្ពស់មធ្យោបាយទំនាក់ទំនងរបស់អតិថិជនខ្លួន។ ស្ថិតក្នុងទីផ្សារទូរគមនាគមន៍មួយដែលតែងមានការប្រែប្រួល សែលកាត នៅតែប្តេជ្ញាធ្វើអ្វីៗដើម្បីកម្ពុជា និងប្រជាជនកម្ពុជា៕

Cellcard_award_2016_09-08-16 (3)Cellcard_award_2016_09-08-16 (2)Cellcard_award_2016_09-08-16 (1)

មតិយោបល់