ព័ត៌មានសេដ្ឋកិច្ច

កាំកុងត្រូល៖ បើរកឃើញម្ហូបអាហារមានគីមីហាមឃាត់ ត្រូវរកប្រភពដើមផលិតឲ្យឃើញ

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់កាលពីម្សិលមិញថា ប្រសិនបើមាន ទំនិញ ឬផលិតផលម្អូបអាហារ បន្លែផ្លែឈើ ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ គឺក្រសួងនឹងចាត់វិធានការ ស្រាវជ្រាវរកប្រភពដើមផលិត ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។

ប្រសិនបើមានករណីរកឃើញសារធាតុគីមីហាមឃាត់ នៅក្នុងទំនិញ ឬផលិតផលដែលកំពុងចរាចរលើទីផ្សារ ក្រសួងនឹងចាត់វិធានការ ស្រាវជ្រាវរកប្រភពដើមផលិតឲ្យឃើញ ដោយអាចសួរនាំពីឈ្មួញកណ្តាល អ្នកប្រើប្រាស់ ដើម្បីរកឲ្យឃើញ អ្នកដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា។

កាលពីម្សិលមិញនេះ នៅផ្សារធំថ្មី កាំកុងត្រូល បានចុះត្រួតពិនិត្យ និងធ្វើតេស្តវិភាគភ្លាមៗលើគ្រឿងឧបភោគ បរិភោគ បន្លែ ផ្លែឈើ តាមរយៈមន្ទីរពិសោធន៍រថយន្តចល័ត ដោយបានធ្វើតេស្តលើគំរូម្ហូបអាហារ ៧៥គំរូ ដែលជាលទ្ធផលបឋម មិនទាន់រកឃើញសារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារនៅឡើយ។

ការចុះត្រួតពិនិត្យ និងធ្វើតេស្តវិភាគភ្លាមៗ តាមរយៈមន្ទីរពិសោធន៍រថយន្តចល័យ នឹងបន្តធ្វើសកម្មភាពជារៀងរាល់ថ្ងៃ នៅតាមទីផ្សារទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងមានភាពកក់ក្តៅ ក្នុងការទទួលទានម្ហូបអាហារនេះ។

គួរបញ្ជាក់ថា កាំកុងត្រូល មិនមែនត្រឹមធ្វើនៅកន្លែងលក់ប៉ុណ្ណោះនោះទេ គឺស្វែងរកទាំងប្រភពដើមផលិត ព្រមទាំងត្រួតពិនិត្យទំនិញ និងផលិតផលនាំចូលជាប្រចាំ ដើម្បីរួមចំណែកលុបបំបាត់ទាំងស្រុង ចំពោះផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋកម្ពុជា៕

មតិយោបល់