ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា ជម្រុញក្រុមហ៊ុន IIbrille ផលិតសូត្រប្រើប្រាស់ក្នុងស្រុក បន្ថែមលើការនាំចេញ

ក្រសួងពាណិជ្ជកម្ម បានជម្រុញដល់ក្រុមហ៊ុនជប៉ុន IIbrille ឲ្យផលិតសូត្រ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បន្ថែមលើការនាំចេញ ដើម្បីឲ្យប្រជាជនកម្ពុជា អាចប្រើប្រាស់ផលិតផលក្នុងស្រុកបានកាន់តែច្រើន។ នេះបើយោងតាមការឲ្យដឹងពីគេហទំព័ររបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុន IIbrilee គឺជាក្រុមហ៊ុន ដែលមានឯកទេសផលិតសម្ភារៈប្រើប្រាស់ធ្វើពីសូត្រ​ គ្រឿងសម្អាង ឡេលាបស្បែក និងសាប៊ូងូតទឹក ដែលបច្ចុប្បន្នកំពុងអនុវត្តគម្រោងលើកកម្ពស់វិស័យសូត្រនៅកម្ពុជា គាំទ្រដោយ JICA។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ផលិតកម្មសូត្រនៅកម្ពុជា មានកម្រិតស្តួចស្តើងនៅឡើយ ហើយការចូលខ្លួនរបស់ក្រុមហ៊ុន IIbrille នឹងជួយជម្រុញការធ្វើពិពិធកម្មវិស័យសូត្រកម្ពុជា និងវិស័យការងារជូនប្រជាពលរដ្ឋ ភាគច្រើនជាស្ត្រីតាមទីជនបទ។

លើសពីនេះទៅទៀត គម្រោងនេះ នឹងនាំមកនូវ ការផ្ទេរចំណេះដឹង និងចំណេះធ្វើ ដើម្បីជម្រុញការអភិវឌ្ឍន៍ចង្វាក់តម្លៃផលិតផលសូត្រនៅកម្ពុជាថែមទៀត។

ជាការឆ្លើយតប ក្រុមហ៊ុន IIbrille សន្យានឹងជួយជម្រុញផលិតកម្មសូត្រនៅកម្ពុជា ឲ្យបានអតិបរិមា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទ្វីបអាស៊ី និងអាមេរិក៕

មតិយោបល់