រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី ២ តម្លៃជាង ៦០លានដុល្លារអាមេរិក ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃនេះ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
រោងចក្រទឹកស្អាតនេះ ចាប់ផ្តើមសាងសង់នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៤ ដោយក្រុមហ៊ុនបារាំង VINCI Construction Grand Projects និងមានសមត្ថភាពផលិតទឹកបាន ១៣០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។
នាពេលបច្ចុប្បន្ន ទឹកស្អាត ត្រូវបានផ្គត់ផ្គង់ស្ទើរតែពេញរាជធានីភ្នំពេញទៅហើយ លើកលែងតែ សង្កាត់ទើបតែបង្កើតថ្មីប៉ុណ្ណោះ ដែលមិនទាន់បានតប្រព័ន្ធទឹកទៅដល់។
ក្រោយការដាក់ឲ្យដំណើរការស្ថានីយ៍ទឹកស្អាតថ្មីមួយទៀត នៃគម្រោងទឹកស្អាតនិរោធទី ២ នឹងមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានជិត ១០០ភាគរយ ក្នុងខណ្ឌទាំង ១២ ក្នុងរាជធានីភ្នំពេញ។
រោងចក្រផលិតទឹកស្អាតរបស់រដ្ឋាករទឹកក្រុងភ្នំពេញ មាន ៤កន្លែង អាចផ្គត់ផ្គង់ទឹកជូនដល់ប្រជាពលរដ្ឋបាន ៥៦ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ហើយតម្រូវការជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ អាចមានការកើនឡើងច្រើនជាងនេះ នាពេលខាងមុខ។
បច្ចុប្បន្ន នៅរាជធានីភ្នំពេញ មានរោងចក្រផលិតទឹកស្អាតចំនួន ៤កន្លែង រួមមានរោងចក្រផ្គត់ផ្គង់ទឹកស្អាតនិរោធ រោងចក្រផ្គត់ផ្គង់ទឹកស្អាតភូមិព្រែក រោងចក្រផ្គត់ផ្គង់ទឹកស្អាតជ្រោយចង្វារ និងរោងចក្រផ្គត់ផ្គង់ទឹកស្អាតចំការមន។
គួរជម្រាបដែរថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានគិតគូររួចហើយ ចំពោះសេចក្តីត្រូវការទឹក ដែលកំពុងកើនឡើងជាបន្តបន្ទាប់ សម្រាប់រៀបចំផែនការមេ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០៣០ ដែលក្នុងនោះមានគម្រោងសាងសង់រោងចក្រថ្មីបន្ថែមទៀត នៅភាគខាងជើង រាជធានីភ្នំពេញ៕
មតិយោបល់