ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអះអាងថា ក្នុងឆ្នាំ ២០១៧កន្លងមកនេះ ចំនួនអ្នកជាវសេវាទូរស័ព្ទចល័ត បានកើនឡើងដល់ចំនួនប្រមាណ ១៩លាននាក់ ដោយក្នុងនោះ ការជាវសេវាអ៊ីនធឺណេត កើនដល់ចំនួន ៨.៥លាននាក់ ស្មើនឹង ៦០ភាគរយអ្នកប្រើទូរស័ព្ទសរុប។
ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា អត្រានៃការជាវសេវាទូរស័ព្ទចល័តមានចំនួនប្រមាណ ១២៥ភាគរយ នៃចំនួនប្រជាជនសរុប ដោយអ្នកដែលប្រើប្រាស់ទូរស័ព្ទដៃចល័តបានកើនដល់ ១៩លាននាក់ បើគិតត្រឹមដំណាច់ឆ្នាំ ២០១៧នេះ។
ការកើនឡើងនេះ បានមកពីការរីកចម្រើននៃបច្ចេកវិទ្យាជំនាន់ទី៤ 4G/LTE ដែលត្រូវបានដាក់ដំណើរការនៅរាជធានី-ខេត្តទាំង ២៥ គ្របដណ្តប់ផ្ទៃដីស្ទើរតែ ៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល ក៏ដូចជាការកើនឡើងនៃ ក្រុមហ៊ុនរោងចក្រសហគ្រាស និងការប្រកួតប្រជែងតម្លៃសេវាប្រើប្រាស់មានតម្លៃសមរម្យ។
ក្រៅពីនេះក៏នៅមានសមិទ្ធិផលសំខាន់ៗ ជាច្រើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ៤ឆ្នាំនេះ ក្នុងការកសាងនូវសេវាទូរគមនាគមន៍ប្រកបដោយភាពទូលាយ និងមានតម្លៃសមរម្យ ជាពិសេសក្នុងវិស័យ ទូរស័ព្ទចល័ត និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
គួរបញ្ជាក់ថា វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន គឺជាកាតាលីករក្នុងការជម្រុញ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃអ៊ីនធឺណេតចល័ត និងបណ្តាញគមនាគមន៍ចល័ត៕
មតិយោបល់