កាលពីម្សិលមិញនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយនូវរបាយការណ៍ថ្មីមួយ ដែលព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងនៅតែមានភាពរឹងមាំ ក្នុងរយៈពេល ២ឆ្នាំបន្តទៀត ដោយសារតែ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង សកម្មភាព ក្នុងវិស័យសំណង់ និងអចលនទ្រព្យ និងការកើនឡើងនូវចំណាយរបស់រាជរដ្ឋាភិបាល គួបផ្សំនឹងការងើបឡើងវិញក្នុងកម្រិតមធ្យមនៃផលិតកម្មកសិកម្ម។
របាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ ADB មានឈ្មោះថា Asian Development Outlook 2017 បានឲ្យដឹងថា ផលិតផលសរុបក្នុងស្រុក នឹងកើនដល់ ៧.១ភាគរយ ក្នុងឆ្នាំ ២០១៧ និង ២០១៨ ពោលគឺ ខ្ពស់ជាង ៧ភាគរយ ក្នុងឆ្នាំ ២០១៦បន្តិច។
លោក Samiuela Tukuafu នាយក ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ខណៈពេលដែលទស្សនវិស័យកំណើនសេដ្ឋកិច្ចរយៈពេលខ្លីរបស់កម្ពុជា នៅតែមានភាពរឹងមាំ ថ្លៃឈ្នួលពលកម្ម និង កង្វះជំនាញ នៅតែមានការកើនឡើង។
លោកបានបន្តថា កំណើនវិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងមានអត្រាខ្ពស់ជាងមុនបន្តិច ពោលគឺ ១០.៨ភាគរយ នៅឆ្នាំនេះ ដោយសារប្រទេសឧស្សាហកម្មធំៗមួយចំនួនមានកំណើនខ្ពស់ជាងមុន និងការធ្វើពិពិធកម្មទៅរកផលិតផល ដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា សម្លៀកបំពាក់ ស្បែកជើង កម្មន្តសាលធុនស្រាល និងអេឡិចត្រូនិច ជាដើម។
វិស័យសេវាកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៦.៧ភាគរយ ដោយសារតែការកើនឡើងខ្ពស់នៃតម្រូវការក្នុងស្រុក និងវិស័យទេសចរណ៍។ ចំណែកវិស័យកសិកម្មវិញ នឹងកើនឡើង ១.៨ភាគរយ ដោយសន្មត់ថា អាកាសធាតុនឹងមានលក្ខណៈអំណោយផល។ វិស័យសំណង់ត្រូវបានរំពឹងថា នឹងមានកំណើនមធ្យម។
ទស្សនវិស័យសេដ្ឋកិច្ចខាងលើនេះ គឺអាស្រ័យទៅលើហានិភ័យពាក់ព័ន្ធមួយចំនួន ដែលមានប្រភពចេញមកពីភាពងាយរងគ្រោះនៃ វិស័យហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការរីកចម្រើនឆាប់រហ័សពេកនៃវិស័យនេះ។
ក្នុងនោះរួមមាន ការកើនឡើងដ៏ឆាប់រហ័សនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការរាលដាលមួយចំនួនដែលបណ្តាលមកពីភាពមិនប្រាកដប្រជានៃបរិយាកាសខាងក្រៅ។ បរិមាណឥណទានដែលផ្តល់ទៅវិស័យឯកជនធៀបនឹង ផ.ស.ស បានកើនឡើងជាងទ្វេដង ក្នុងរយៈពេល ៥ ឆ្នាំនេះ រហូតជិតដល់ ៧០ភាគរយ នៃផ.ស.ស ក្នុងឆ្នាំ ២០១៦។ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដើម្បីជួយបន្ថយល្បឿននៃកំណើនឥណទាននេះ៕
មតិយោបល់