ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំជាមួយ ក្រុមហ៊ុនដឹកអ្នកដំណើរក្នុងស្រុក និងក្រៅស្រុក សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ និងបានណែនាំ កុំឲ្យមានការតម្លើងថ្លៃសំបុត្រធ្វើដំណើរផងដែរ។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយនៅព្រឹកនេះ។
ក្នុងកិច្ចប្រជុំនេះ ក៏បានផ្តោតសំខាន់ទៅលើចំណុចជាច្រើនទៀត ដូចជា ណែនាំអ្នកបើកបរយានជំនិះគ្រប់ប្រភេទ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះដើម្បីធានាបាននូវសុវត្ថិភាព បើកបរដោយការយោគយល់អធ្យាស្រ័យនិងសុជីវធម៌ខ្ពស់ និងមិនត្រូវធ្វើឲ្យកកស្ទះលំហូរចរាចរណ៍ ពេលចូលចតយានយន្ត។
ក្រសួងក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យគោរពច្បាប់ចរាចរណ៍ ចៀសវាងជួបគ្រោះថ្នាក់ដោយប្រការណាមួយ។
គួររម្លឹកដែរថា នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ឡានក្រុងក្នុងរាជធានីភ្នំពេញទាំង ៥៧គ្រឿង នឹងដំណើរការជាធម្មតា ដោយមិនគិតថ្លៃ រយៈពេល ៥ថ្ងៃ ដល់អ្នកដំណើរគ្រប់រូប ពោលគឺ ចាប់ពីថ្ងៃទី ១៣ ដល់ ១៧ ខែមេសា ខាងមុខនេះ៕
មតិយោបល់