បើទោះបីជាក្រុមហ៊ុន Samsung ទើបតែបញ្ចេញ Galaxy S8 ថ្មីៗក៏ដោយ ក៏ព័ត៌មានចចាមអារ៉ាមទាក់ទងទៅនឹងផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ មិនស្ងប់ស្ងាត់នោះដែរ។ ជាក់ស្តែង កាលពីម្សិលមិញ រូបថតថ្មីមួយសន្លឹក ត្រូវបានគេដាក់បង្ហោះនៅលើគេហទំព័រ Slashleaks ដោយអះអាងថាជា Galaxy Note 8។
រូបថតមួយនោះ ត្រូវបានទម្លាយចេញដោយពុំមានភ្ជាប់មកជាមួយលក្ខណៈសម្បត្តិ និងព័ត៌មានបន្ទាប់បន្សំអ្វីដែលទាក់ទងទៅនឹងវានោះទេ គឺក្រៅពីមានប៊ិក S Pen មួយដាក់ទន្ទឹម ដែលនេះ ធ្វើឱ្យគេសង្ស័យថា តើនោះពិតជា Galaxy Note 8 ឬគ្រាន់តែជា Galaxy S8+។
មន្ទិលនេះ គឺដោយសារតែវាមិនមានរូបរាងខុសគ្នាពី S8 ប៉ុន្មានឡើយក្រៅពីមានទទឹងអេក្រង់រាងធំជាងបន្តិចប៉ុណ្ណោះ ចំណែកគែមអេក្រង់លើ–ក្រោម និងនៅចំហៀងឆ្វេង–ស្តាំ គឺដូចគ្នាទៅនឹង S8 ទាំងស្រុង។ ម្យ៉ាងទៀត គេពុំអាចមើលឃើញរន្ធសម្រាប់ស៊កប៊ិក S Pen នៅគែមទូរសព្ទឡើយ។
ទោះយ៉ាងណា បើយោងតាមព័ត៌មានស្តីអំពីលក្ខណៈសម្បត្តិរបស់ Note 8 ដែលបានបែកធ្លាយកន្លងមក ហាក់បីដូចជាស៊ីគ្នាទៅនឹងរូបរាងនៅលើរូបថត។
ព័ត៌មានចចាមអារ៉ាមដែលបានចេញផ្សាយនៅលើគេហទំព័រ Slashleaks កាលពីសប្តាហ៍មុន បានលើកឡើងថា Note 8 នឹងបំពាក់អេក្រង់ Super AMOLED ទំហំ ៦.៤ អីុញ គឺធំជាងអេក្រង់របស់ S8+ បន្តិច ដែលមានទំហំ ៦.២ អីុញ ហើយវាប្រើប្រាស់បន្ទះឈីប Snapdragon 835 ឬ Exynos 9000-series, RAM ទំហំ ៦ ជីហ្គាបៃយ៍ និងអង្គចងចាំជាប់ម៉ាស៊ីនទំហំ ២៥៦ ជីហ្គាបៃយ៍៕
មតិយោបល់