នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០១៧ វិស័យសំណង់ នៅកម្ពុជា មានទុនវិនិយោគសរុបជាង ១.២ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះជាង ២២ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយនៅថ្ងៃនេះ។
សម្រាប់ត្រីមាសទី ១នេះ គឺមានសំណង់ ៧៨៦គម្រោង សាងសង់លើក្រឡាផ្ទៃ ២លានម៉ែត្រការ៉េ ខណៈពេលដូចគ្នា កាលពីឆ្នាំ ២០១៦ គឺមានត្រឹម ៤៧៣គម្រោង តែក្រឡាផ្ទៃកើនឡើងរហូតដល់ ៣.៨លានម៉ែត្រការ៉េ។
វិស័យសំណង់ បានផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណជា ៥ម៉ឺននាក់ ក្នុងមួយថ្ងៃ ដោយឡែកនៅរាជធានីភ្នំពេញ គឺប្រមាណ ២.៣ម៉ឺននាក់ ក្នុងមួយថ្ងៃ។
រីឯក្រុមហ៊ុន ដែលទទួលបានវិញ្ញាបនបត្រប្រកបអាជីវកម្ម សិក្សាគម្រោងប្លង់ និងសាងសង់មានចំនួនសរុប ៧៣ក្រុមហ៊ុន។
គួរជម្រាបដែរថា សំណង់បុរី និងលំនៅឋាន ប្រចាំខែមីនា មានចំនួន ៦៧០គម្រោង មានទុនវិនិយោគជាង ៩០០លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៣ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន៕
មតិយោបល់