ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូលឿនស្រពពេលផ្លូវងងឹតផង បុកសត្វក្របី ស្លាប់នៅនឹងកន្លែង

ស្ទឹងត្រែង: លោកអធិការស្រុកថាឡាបរិវ៉ាត់ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងម៉ូតូជិះបុកក្របី បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខខ្ទមស្រែអ៊ុន យ៉ីង លើផ្លូវជាតិលេខ៩ ស្ថិតនៅក្នុងភូមិអូរត្រែល​​ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោកអធិការបានបន្តថា ជនរងគ្រោះមានឈ្មោះ អឿន វ៉ាន់ដែន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិពង់ទឹក ឃុំអូររែ ខេត្តស្ទឹងត្រែង។

លោកបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូសង់ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង1A-7005​ក្នុងល្បឿនលឿន ពីជើងទៅត្បូង បានបុកសត្វក្របីពេញទំហឹង ដួលបោកក្បាលស្លាប់តែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ នឹងនាំយកម៉ូតូនិងក្របីមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលថាឡាបរិវ៉ាត់ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់