ភ្នំពេញៈ ក្រោយពីតុលាការបើកសវនាការកាត់ទោសអស់ជាច្រើនលើក ក្រុមចោរប្លន់ប្រុសស្រី៦នាក់ ត្រូវបានលោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ បើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារ ចន្លោះពី៥៦ឆ្នាំ ទៅដល់៧៣ឆ្នាំ ពាក់ព័ន្ធករណីប្លន់ម៉ូតូ និងបាញ់សម្លាប់ជនរងគ្រោះនៅក្នុងរាជធានីភ្នំពេញ ចំនួន៣ករណី។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទទាំង៦នាក់ ទី១មានឈ្មោះ សេត ម៉ាត់រូហ្សេត ហៅសេត ឌៀង ភេទប្រុស អាយុ២២ឆ្នាំ ជាប់ពន្ធនាគារ សរុប៧៣ឆ្នាំ,ទី២ឈ្មោះ ប៉ែន ចំណាប់ ហៅពីន ភេទប្រុស អាយុ១៨ឆ្នាំ,ទី៣ឈ្មោះ អ៊ឹម សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ,ទី៤ឈ្មោះ អេង អារីពីន ភេទប្រុស ដាក់ពន្ធនាគារ សរុបក្នុងម្នាក់ៗ៦៥ឆ្នាំ,ទី៥ឈ្មោះ ពេជ្រ សូណែត ភេទស្រី អាយុ២១ឆ្នាំ និងទី៦ឈ្មោះ ញ៉ែម កន្និដ្ឋា ហៅអាម៉ី ភេទស្រី អាយុ២១ឆ្នាំ
ដាក់ពន្ធនាគារសរុបក្នុងម្នាក់ៗ៥៦ឆ្នាំ។
ក្រោមបទចោទប្រកាន់ លួចមានស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា និងដោយសារមរណភាពនៃជនរងគ្រោះ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចម្តុំស្ពានអាកាសស្ទឹងមានជ័យ,ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចក្រោយវិទ្យាស្ថានជាតិអប់រំ ខណ្ឌដូនពេញ ដោយបានបាញ់សម្លាប់ជនរងគ្រោះសម្លាប់ប្លន់យកម៉ូតូម៉ាកMSX, ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយបានបាញ់សម្លាប់ជនរងគ្រោះសម្លាប់ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥។ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៦០ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការ ជនជាប់ចោទទាំងអស់សុទ្ធតែឆ្លើយបដិសេធថាខ្លួនមិនបានប្រព្រឹត្ត ដោយឆ្លើយដាក់ទៅលើឈ្មោះ ម៉ី និងឈ្មោះ លីម ដែលត្រូវកម្លាំងកងរាជអាវុធហត្ថបាញ់ស្លាប់នៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ៕
https://youtu.be/FcMD4iz4KZo
មតិយោបល់