នាឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាបកន្លងទៅនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការទិញផលិតផលខ្មែរ ស្មើនឹងជួយបង្កើតការពារជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយពង្រឹងស្ថិរភាពផលិតកម្មក្នុងស្រុក និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ។
លោកបន្តថា ផលិតផលរបស់កម្ពុជា មានគុណភាពល្អ តម្លៃសមរម្យ តែត្រូវការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាជនខ្មែរ និងអន្តរជាតិ ដើម្បីទាក់ទាញការគាំទ្រថែមទៀត ហើយលោករំពឹងថា វត្តមានផលិតផលខ្មែរ នឹងកាន់តែកើនឡើង នៅលើទីផ្សារនានា ជាពិសេសតាម ផ្សារទំនើបផងដែរ។
ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ដែលប្រារព្ធធ្វើឡើងក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កាលពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា មានស្តង់លក់ទំនិញផលិតផលខ្មែរចំនួន ១៦៨ស្តង់ មកពីរាជធានីខេត្តទូទាំងប្រទេស ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម។
ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងជាឱកាស សម្រាប់យុវជន និងប្រជាពលរដ្ឋកម្ពុជា បានជួបជុំគ្នា ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។
គួររម្លឹកដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានរៀបចំឡើងជាលើកដំបូង ក្នុងឆ្នាំ ២០១៣ ដែលបានជួយពង្រឹងសហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្តល់ឱកាសជូនផលិតករក្នុងស្រុក ធ្វើការតាំងបង្ហាញ និងលក់ផលិតផលរបស់ខ្លួន សំដៅស្វែងរកប្រាក់ចំណូលទ្រទ្រង់និរន្តភាពផលិតកម្ម និងចូលរួមជម្រុញកំណើនសេដ្ឋកិច្ច៕
មតិយោបល់