ក្រុមហ៊ុនអាកាសចរណ៍ Air Asia ចាប់ផ្តើមបើកជើងហោះហើរត្រង់ថ្មីរវាង ម៉ាឡេស៊ី-ខេត្តព្រះសីហនុ ដោយបន្ថែមយន្តហោះថ្មី ៣គ្រឿង ឲ្យធ្វើប្រតិបត្តិការ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។
ក្រុមហ៊ុនអាកាសចរណ៍ Air Asia ធ្លាប់បានឲ្យដឹងថា ជើងហោះហើរដំបូងគឺ ៤ជើងក្នុង ១សប្តាហ៍ ហើយចាប់ពីថ្ងៃទី ៩ ខែសីហានេះ នឹងពង្រីកវិសាលភាពប្រតិបត្តិការហោះហើររបស់ខ្លួន ជាមួយយន្តហោះ Airbus 320, AK 538 និង AK 539។
ឥឡូវនេះ ក្រុមហ៊ុន បានចាប់ផ្តើមដំណើរការលក់សំបុត្រយន្តហោះនេះហើយ ដែលក្រុមហ៊ុននឹងជម្រុញភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា ចំនួន ៣លាននាក់ នាពេល ៥ឆ្នាំខាងមុខនេះ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏បានស្វាគមន៍ចំពោះ ការហោះហើរត្រង់ជាលើកដំបូង ដែលនឹងនាំយកភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាបានកាន់តែច្រើន និងផ្តល់នូវជម្រើសបន្ថែមដល់ប្រជាជនកម្ពុជា ដោយអាចហោះហើរពី ក្រុងព្រះសីហនុទៅកាន់ទីក្រុងកូឡាឡាំពួរទៀតផង។
គួររម្លឹកដែរថា ក្រុមហ៊ុន Air Asia ពីមុន មានយន្តហោះតែ ២គ្រឿងប៉ុណ្ណោះ តែបច្ចុប្បន្នមានរហូតដល់ ២០០គ្រឿង និងកំពុងបញ្ជាទិញបន្ថែមទៀត សម្រាប់សេវាដឹកជញ្ជូនអ្នកដំណើរនេះ៕
មតិយោបល់