គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានបន្ថែមដើមទុនថ្មីចំនួន ១៥លានដុល្លារអាមេរិក ដើម្បីពង្រីកវិសាលភាពអាជីវកម្ម ឲ្យកាន់តែទូលំទូលាយ។ នេះបើយោងតាមសន្និសីទសារព័ត៌មានរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ ធ្វើឡើងកាលពីម្សិលមិញនេះ។
ការបន្ថែមដើមទុនថ្មីនេះ នឹងធ្វើឲ្យមូលធនរបស់ភាគទុនិកសរុបកើនឡើងរហូតដល់ ៨៤.៧លានដុល្លារអាមេរិក ក្នុងនោះមានដើមទុនចុះបញ្ជីជាមួយ ធនាគារជាតិនៃកម្ពុជាចំនួន ២១.៨លានដុល្លារអាមេរិក។
លោក ហួត អៀងតុង ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានលើកឡើងថា ការបន្ថែមដើមទុននេះ គឺដើម្បីពង្រីកអាជីវកម្មឲ្យទៅដល់ទីផ្សារថ្មីៗ ជាពិសេសគាំទ្រដល់ សហគ្រាសធុនតូច-មធ្យម និងលើកកម្ពស់វិស័យនានារួមមាន វិស័យទេសចរ សេវាកម្ម កសិកម្ម និងវិស័យកាត់ដេរផងដែរ។
លោកបន្ថែមទៀតថា ការបន្ថែមដើមទុននេះ ក៏ជាកាតាលីករមួយ ដែលហត្ថាកសិករ មានបំណងចង់ប្រែក្លាយទៅជា ធនាគារពាណិជ្ជ ព្យាយាមធ្វើយ៉ាងណាឲ្យបានសម្រេច មុនឆ្នាំ ២០២០។
លោក Sudargo Harsono អនុប្រធានអគ្គនាយកប្រតិបត្តិជាន់ខ្ពស់នៃធនាគារក្រុងស្រ៊ី និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ ហត្ថាកសិករ បានឲ្យដឹងថា ដោយមើលឃើញពីឱកាសវិនិយោគនៅទីផ្សារក្នុងប្រទេសកម្ពុជា ជាពិសេសចំណែកទីផ្សារមិនទាន់បានបំពេញ ការបន្ថែមដើមទុនថ្មីនេះ នឹងធានាបាននូវភាពរីកចម្រើនរបស់ហត្ថាកសិករ សម្រាប់ការពង្រីកអាជីវកម្ម ក៏ដូចជាបង្កើតផលិតផលថ្មី ដើម្បីផ្តល់ជូនអតិថិជនតាមតម្រូវការ។
នៅចុងឆ្នាំ ២០១៧នេះ ហត្ថាកសិករ នឹងពង្រីកបណ្តាញការិយាល័យរបស់ខ្លួនរហូតដល់ ១៦៨ការិយាល័យ និងបន្ថែមម៉ាស៊ីនអេធីអឹមរហូតដល់ ១៣០គ្រឿង ទូទាំងប្រទេស។
គួររម្លឹកដែរថា ក្នុងឆ្នាំ ២០១៦ ហត្ថាកសិករ ត្រូវបានទិញដោយធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំលំដាប់ទី ៥ នៃព្រះរាជាណាចក្រថៃឡង់ន៍ ហើយក៏ជាស្ថាប័នដែលមានបុត្រសម្ព័ន្ធជាច្រើនទូទាំងសកលលោក៕
មតិយោបល់