ព័ត៌មានសេដ្ឋកិច្ច

១០ខែ ឆ្នាំ២០១៧ កម្ពុជា លក់កៅស៊ូជិត ១៣០ពាន់តោន ក្នុងតម្លៃ ១៦៥៥ដុល្លារ/តោន

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា បានបង្ហាញឲ្យដឹងថា ត្រឹម ១០ខែ ក្នុងឆ្នាំ ២០១៧ កម្ពុជា បានបញ្ចេញលក់កៅស៊ូប្រមាណ ១៣០,៧២៨តោន ក្នុងតម្លៃជាមធ្យម ១៦៥៥ដុល្លារអាមេរិក/តោន។

ត្រឹម ១០ខែនេះ បរិមាណផលិតផលសម្រេចបាន និងបញ្ចេញលក់ គឺប្រហាក់ប្រហែល ១៣៦ពាន់តោន កើនឡើង ៣៧% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

រីឯតម្លៃលក់ជ័រកៅស៊ូមធ្យម ក្នុងរយ:ពេល ១០ខែនេះ គឺ ១៦៥៥ដុល្លារ/តោន កើនឡើង ៥៣៣ដុល្លារ/តោន គឺប្រមាណ ៤៨% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

សម្រាប់ខែតុលានេះ បរិមាណបញ្ចេញលក់ គឺប្រមាណ ១៥ពាន់តោន នឹងលក់ជាមធ្យម ១៥៣៤ដុល្លារ/តោន។

យ៉ាងណាមិញ កម្ពុជា មានលទ្ធភាពអាចផ្គត់ផ្គង់ជ័រកៅស៊ូ សម្រាប់បម្រើក្នុងឧស្សាហកម្មកែច្នៃ ប្រសិនបើមានក្រុមហ៊ុនចង់វិនិយោគរោងចក្រកៃច្នៃផលិតជា សំបកយានយន្តនៅកម្ពុជា។

គួរបញ្ជាក់ដែរថា គិតត្រឹមដំណាច់ឆ្នាំ ២០១៦ ការដាំដុះកៅស៊ូនៅកម្ពុជា សម្រេចបានប្រមាណ ៤៣ម៉ឺនហិកតា ឲ្យផលប្រមាណជាង ១២ម៉ឺនហិកតា ហើយតាមការប៉ាន់ប្រមាណ ផ្ទៃដីដាំកៅស៊ូនៅកម្ពុជា ដែលមានសក្តានុពលដាំកៅស៊ូ មានប្រមាណ ៥០ម៉ឺនហិកតាប៉ុណ្ណោះ៕

មតិយោបល់