អ្នកវិនិយោគខ្មែរ និងចិន បានរួមគ្នាបោះទុនប្រមាណជាង ១០០លានដុល្លារអាមេរិក សាងសង់ខុនដូផាកវ៉េ នៅតំបន់ទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។
គម្រោងវិនិយោគខុនដូផាកវ៉េ មានទំហំផ្ទៃដីប្រមាណ ១៧ម៉ឺនម៉ែត្រការ៉េ មានកម្ពស់ ៣៥ជាន់ ស្មើនឹង ១៥០០យូនីត ហើយចាប់ផ្តើមបុកគ្រឹះសាងសង់ពី កាលពីខែ វិចិ្ឆកា ឆ្នាំ ២០១៦ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០ខាងមុខនេះ។
ជាមួយគ្នានេះ គម្រោងនេះ នឹងមានការសាងសង់អគារចំនួន ៣ គឺ អគារទីមួយមាន ២៩ជាន់ អគារទីពីរមាន ២៥ជាន់ និងអគារទីបី មាន ៣៥ជាន់ ហើយក្នុងនោះក៏មាន អាងហែលទឹក កន្លែងហាត់ប្រាណ ផ្សារទំនើប កន្លែងទទួលទានអាហារ កម្សាន្ត ហាងទំនិញ និងមានសាលារៀនផងដែរ។
គម្រោងវិនិយោគនេះ គឺការវិនិយោគរួមគ្នារបស់ក្រុមហ៊ុន Parkway Investment និងក្រុមហ៊ុន Nantong City Daxin Engineering របស់ចិន ដោយសារតែមើលឃើញពី សក្តានុពលវិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើន និងតម្រូវការខ្ពស់របស់ប្រជាជនផងដែរ៕
មតិយោបល់