ស្ករត្នោតសរីរាង្គរបស់ក្រុមហ៊ុន ខនហ្វីរេល ដែលតំណាងឲ្យស្ករត្នោតកម្ពុជា ទទួលបានពានរង្វាន់លេខ១ ជាផលិតផលល្អបំផុតរបស់អាស៊ាន ឆ្នាំ ២០១៧។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ Confirel។
នេះជាលើកទី ២ ហើយ ដែលស្ករតោ្នតកម្ពុជា បានឈ្នះមេដាយមាស បន្ទាប់ពីខកខានជាង ១២ឆ្នាំ ដោយលើកទី ១ ទទួលបានមេដាយមាសនៅតំបន់អឺរ៉ុប ក្នុងពិព័រណ៍ពាណិជ្ជកម្ម Natexpo ក្នុងទីក្រុងប៉ារីស។
ស្ករត្នោតកម្ពុជា បានឈ្នះមេដាយមាសលើកទី ២នេះ នៅក្នុងសន្និសីទម្ហូបអាហារអាស៊ានលើកទី ១៥ ដែលបានធ្វើឡើងកាលពីពេលកណ្តាលខែវិច្ឆិកា កន្លងទៅនេះ ហើយជ័យជំនះនេះ បានមកពី គុណភាព និងផលប៉ះពាល់សង្គម។
ដោយមានការស្រាវជ្រាវអស់ជាច្រើនឆ្នាំ ដោយក្រុមហ៊ុន Confirel ជាមួយនឹង ក្នុងអ្នកស្រាវជ្រាវបារាំង បានជម្រុញឲ្យ អ្នកផលិតស្ករត្នោតសរីរាង្គ អាចបង្កើនប្រាក់ចំណូលខ្ពស់ តាមរយៈការចាប់ឱកាសទីផ្សារក្នុង តំបន់អាស៊ី និងអឺរ៉ុបផងដែរ។
គួរជម្រាបដែរថា សន្និសីទម្ហូបអាហារអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០០ ហើយវាជាវេទិកា សម្រាប់ប្រទេសសមាជិកអាស៊ាន ចូលរួម បានដាក់តាំងបង្ហាញនូវ ផលិតផលច្នៃប្រឌិត និងទទួលបានពានរង្វាន់សម្រាប់ គុណភាព និងភាពច្នៃប្រឌិត៕
មតិយោបល់