ក្រុមហ៊ុន General Electric នឹងបង្កើតរោងចក្រផលិតថាមពលអគ្គិសនី ដើរដោយធ្យូងថ្ម មានកម្លាំង ១៥០មេហ្កាវ៉ាត់ នៅខេត្តព្រះសីហនុ នាពេលខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។
នៅថ្ងៃស្អែកនេះ ក្រុមហ៊ុន General Electric នឹងចុះហត្ថលេខាជាមួយ ក្រសួងរ៉ែ និងថាមពល រួមជាមួយអគ្គិសនីកម្ពុជា ដើម្បីបង្កើតរោងចក្រនេះ ឆ្លើយតបទៅនឹងតម្រូវការនៃ ការប្រើប្រាស់ថាមពលអគ្គិសនី ដែលមានការកើនឡើងជាបន្តបន្ទាប់។
នេះជាការចាប់ដៃគូបច្ចេកវិទ្យាឌីជីថលលើកដំបូង ដែលនឹងបង្កើតរោងចក្រថាមពល នៅសង្កាត់ស្ទឹងហាវ ខេត្តព្រះសីហនុ ហើយក៏មានការបង្កើតប្រព័ន្ធ Continuous Emission Monitoring System នៅក្នុងប្រទេសកម្ពុជា។
គួររម្លឹកដែរថា ការផ្គត់ផ្គង់អគ្គិសនីនៅក្នុងប្រទេសកម្ពុជា កើនឡើងប្រមាណ ២០ភាគរយ ក្នុងឆ្នាំ ២០១៦ បើធៀបនឹងឆ្នាំ ២០១៥ ក្នុងនោះ វារីអគ្គិសនីចំនួន ៦ ផ្គត់ផ្គង់អគ្គិសនីសរុប ៩២៨មេហ្គាវ៉ាត់ ហើយរោងចក្រធ្យូងថ្ម ផ្គត់ផ្គង់ប្រមាណ ៥០៥មេហ្គាវ៉ាត។
ប្រភពថាមពលខាងលើ បាននិងកំពុងផ្គត់ផ្គង់ដល់ប្រមាណ ២លានលំនៅដ្ឋាន ដែលស្មើនឹង ៥៨ភាគរយនៃលំនៅដ្ឋានសរុបទូទាំងប្រទេស ហើយបណ្តាញអគ្គិសនី បានតភ្ជាប់ទៅដល់ជាង ១ម៉ឺនភូមិ ស្មើនឹង ៧៤ភាគរយនៃភូមិសរុប។
យ៉ាងណាមិញ ក្រសួងរ៉ែ បានគូសបញ្ជាក់ដែរថា ត្រឹមឆ្នាំ ២០១៨ កម្ពុជានឹងបង្កើតអគ្គិសនី ៤០០មេហ្គាវ៉ាត់បន្ថែមទៀត តាមរបស់វារីអគ្គិសនីសេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែង៕
មតិយោបល់