ព័ត៌មានសេដ្ឋកិច្ច

ADB ផ្តល់កម្ចី ៩.២លានដុល្លារដល់ Sunseap ផ្គត់ផ្គង់ថាមពលសូឡា ធំជាងគេ នៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់កម្ចី ៩.២លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន Sunseap Group ដែលផ្គត់ផ្គង់ថាមពលសូឡា ធំជាងគេ នៅកម្ពុជា។

ក្រុមហ៊ុន Sunseap បាននឹងកំពុងវិនិយោគលើគម្រោងថាមពលសូឡា តម្លៃជាង ១២.៥លានដុល្លារអាមេរិក បន្ទាប់ពីចុះកិច្ចព្រមព្រៀងទិញលក់ថាមពលអគ្គិសនីជាមួយ អគ្គិសនីកម្ពុជា (EDC) សម្រាប់រយៈពេល ២០ឆ្នាំ។

គម្រោងនេះ គឺធ្វើឡើងនៅលើផ្ទៃដីជាង ១០ហិកតា នៅក្រុងបាវិត ដែលគ្រោងនឹងចាប់ផ្តើមដំណើរការ នៅខែសីហាខាងមុខនេះ។

យ៉ាងណាមិញ ថាមពលសូឡាផលិតបាន គឺប្រមាណ ១០មេហ្កាវ៉ាត់ ខណៈតម្រូវការប្រើប្រាស់ក្នុងខេត្តស្វាយរៀងមានរហូតដល់ ៤០មេហ្កាវ៉ាត់ ពោលគឺ ផ្គត់ផ្គង់បានប្រមាណ ១ភាគ៤ នៃតម្រូវការ។

ទោះបីជា ការផ្គត់ផ្គង់ថាមពលសូឡា នៅមានកម្រិតទាបនៅឡើយ តែវាជាថាមពលកកើតឡើងវិញ ដែលជាថាមពលស្អាត នឹងជាកត្តាជម្រុញឲ្យមានការវិនិយោគបន្ថែមទៀត លើប្រភេទថាមពលនេះផងដែរ។

គួររម្លឹកដែរថា របាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ ADB បានឲ្យដឹងថា ផលិតផលសរុបក្នុងស្រុក នឹងកើនដល់ ៧.‌១ភាគរយ ក្នុងឆ្នាំ ២០១៧ និង ២០១៨ ពោលគឺ ខ្ពស់ជាង ៧ភាគរយ ក្នុងឆ្នាំ ២០១៦បន្តិច៕

មតិយោបល់