អង្គការសហប្រជាជាតិ នឹងរៀបចំទិវាអង្គការសហប្រជាជាតិនៅថ្ងៃទី ២៤ ខែតុលា ដើម្បីរំលឹកខួបនៃការបង្កើត អង្គការសហប្រជាជាតិ។ ទិវានេះនឹងប្រព្រឹត្តិទៅនៅវិទ្យាស្ថានជាតិបច្ចេកវិទ្យា ហើយនឹងមានការចូលរួម ពីមហាជនពីគ្រប់មជ្ឈដ្ឋានរួមមាន វិស័យបច្ចេកវិទ្យាមកពីស្ថាប័នរាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ វិស័យឯកជន និងក្រុមយុវជនកម្ពុជា នឹងមកជួបគ្នាដើម្បីចែករំលែកនូវ ព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ របស់ពួកគេ។
ដោយសារតែពិភពលោកសព្វថ្ងៃ កាន់តែមានទំនាក់ទំនងរវាងគ្នា ឆ្នាំនេះទិវាអង្គការសហប្រជាជាតិ នឹងប្រារព្ធឡើង ក្រោមប្រធានបទ៖ “បច្ចេកវិទ្យាជាមធ្យោបាយមួយ សម្រាប់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។
បច្ចេកវិទ្យាដើរតួនាទីសំខាន់ណាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ចែករំលែកនូវចំណេះដឹង និងគំនិតល្អៗ និងបម្រើដល់ ការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា ដូចជាជួយដល់ការប្រកបការងារ ជួយមនុស្សដើម្បីពង្រឹង និងពង្រីកវិស័យទំនាក់ទំនង បង្កើនការទទួលបាននូវព័ត៌មានក៏ដូចជាការអប់រំ និងក្នុងកិច្ចការជាច្រើនទៀត ដោយមានប្រសិទ្ធភាព។
ដូច្នេះបច្ចេកវិទ្យាមានតួនាទីសំខាន់ខ្លាំងមួយ ក្នុងកិច្ចការអភិវឌ្ឍន៍របស់ប្រទេសមួយ ក៏ដូចជាគាំទ្រដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលយើងបានស្គាល់ថាជា SDG ផងដែរ។
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពមានគោលដៅទាំងអស់ចំនួន ១៧ និងមានចំណុចដៅចំនួន១៦៩ ហើយអត្ថន័យនៃគោលដៅមានដូចជា លុបបំបាត់ភាពក្រីក្រ ជម្រុញគុណភាពអប់រំ កាត់បន្ថយវិសមភាព ធានាឲ្យមានវិបុលភាពសម្រាប់មនុស្សគ្រប់គ្នា ជាដើម។
គួរបញ្ជាក់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ត្រូវបានប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ ក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរ អនុម័ត កាលពីខែ កញ្ញា ឆ្នាំ ២០១៥ នៅជំនួបកំពូលនៃសភាពេញអង្គរបស់ អង្គការសហប្រជាជាតិ ហើយគោលដៅទាំងនេះបានចូលជាធរមាន ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ មកម្លេះ។
ប្រទេសសមាជិកមួយៗនៃ អង្គការសហប្រជាជាតិមានរយៈពេល ១៥ឆ្នាំ ដើម្បីសម្រេចឲ្យបាន នូវគោលដៅទាំងនេះ មានន័យថាប្រទេសទាំងអស់មានពេលពីឥឡូវ រហូតដល់ឆ្នាំ ២០៣០៕
សូមចុះឈ្មោះចូលរួមដោយសេរីhttps://goo.gl/9p4VYP
UN Day Campaign page:https://www.facebook.com/csdgs/
មតិយោបល់