ភាពស្មោះត្រង់ ជាដើមទុន នៃភាពជោគជ័យ ក្នុងឆាកជិវិត៖ ភាពស្មោះត្រង់ ផ្សារភ្ជាប់ទំនាក់ទំនង ឱ្យមានប្រសិទ្ធភាព នាំឈានឆ្ពោះទៅកាន់ភាពជោគជ័យ ក្នុងការសិក្សា ការងារ ស្នេហា និងជីវិត គឺត្រូវស្មោះត្រង់ចំពោះខ្លួនឯង និងអ្នកដទៃ ដូចគ្នា។ ប៉ុន្តែដើម្បីឱ្យមាននិរន្តរ៍ភាព និងចីរភាព គងវង្សយូរអង្វែង រវាងការប្រាស្រ័យទាក់ទងនឹងមនុស្សក្នុងសង្គម វាអាស្រ័យលើខ្លួនអ្នកថា តើខ្លួនឯង ជាមនុស្សស្មោះត្រង់កម្រិតណា?
ភាពស្មោះត្រង់ចំពោះខ្លួនឯង និងអ្នកដទៃ មានន័យថា យើងត្រូវធ្វើឱ្យត្រឹមត្រូវ ទៀងត្រង់ មិនផ្តោតលើទំនាក់ទំនង ស្អិតរមួត ឬមិនសូវជិតស្និទ្ធ ដែលតែងតែមានបញ្ហាកើតឡើង ជារៀងរាល់ថ្ងៃ ទាក់ទងទៅនឹងភាពមិនស្មោះត្រង់ ចំពោះគ្នានឹងគ្នា ពិសេសនៅក្នុងវិស័យធុរកិច្ច តែម្តង។ សំណួរមួយចំនួន អាចឆ្លុះបញ្ចាំងបាន ប៉ុន្តែអ្វី ដែលសំខាន់បំផុត និងជាកត្តាចម្បងបំផុត គឺសួរខ្លួនឯង ជាមុនសិន ដូច្នេះ តើទំនាក់ទំនងនោះ គួរបន្ត ឬបញ្ចប់ វាអាស្រ័យលើ ភាពស្មោះត្រង់ ប៉ុណ្ណោះ។
ដើម្បីបញ្ជៀសទំនាស់ និងរឹតបន្តឹងចំណងសម្ព័ន្ធភាព ឱ្យមាននិរន្តរ៍ភាព គឺត្រូវគិតប្រយោជន៍រួមជាធំ ពោលពាក្យពិត និងគោរពពាក្យសន្យា ដោយគ្មានល្បិចកល និងត្រូវស្មោះត្រង់ ជាគោលការណ៍។ មនុស្សយើងគ្រប់រូប ប្រសិនបើមានភាពស្មោះត្រង់ ធ្វើឱ្យមនុស្សមានការទទួលខុសត្រូវ ធ្វើឱ្យមនុស្សមានការប្តេជ្ញាចិត្តខ្ពស់ ធ្វើឱ្យមនុស្សមានភាពក្លាហាន និងធ្វើឱ្យមនុស្សឆាប់ទទួលបានជោគជ័យ ទៀតផង។
គួរក្រើនរំលឹកថា មនុស្ស ដែលមានភាពស្មោះត្រង់ ចំពោះខ្លួនឯង និងអ្នកដទៃ គឺជាមនុស្សដែលប្រកបដោយជោគជ័យ ទាំងក្នុងការសិក្សា ការងារ ស្នេហា និងឆាកជីវិតទាំងមូល ផងដែរ៕
មតិយោបល់