ព័ត៌មានអន្តរជាតិ

ក្ដៅគគុក! រុស្ស៊ីថា អាមេរិកចង់ប្រកាសសង្គ្រាមជាមួយខ្លួន ជុំវិញរឿងគម្រោងពង្រឹងការដាក់ទណ្ឌកម្មកូរ៉េខាងជើង នៅលើទឹកដីបរទេស

រុស្ស៊ីៈ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់វិមានក្រឹមទ្បាំងម្នាក់ បាននិយាយថា សេចក្ដីព្រាងច្បាប់របស់អាមេរិក ដែលអនុញ្ញាតឲ្យកងទ័ពជើងទឹកខ្លួន ធ្វើការពង្រឹងទណ្ឌកម្មអន្តរជាតិ ទៅលើប្រទេសកូរ៉េខាងជើង តាមរយៈការត្រួតពិនិត្យកំពង់ផែរបស់រុស្ស៊ី គឺជាការរំលោភច្បាប់អន្តរជាតិ ហើយទង្វើនេះ ស្មើទៅនឹងការចង់ប្រកាសសង្គ្រាម។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧។

ប្រធាន​គណៈកម្មាធិការ​ការបរទេស ព្រឹទ្ធសភា​រុស្ស៊ីលោក Konstantin Kosachev បាននិយាយថា «ការសម្រេចបាននូវសេចក្ដីព្រាងច្បាប់នេះ រួមបញ្ចូលទាំងសេណារីយ៉ូកម្លាំង ដែលក្នុងនោះត្រូវបានស្នើឲ្យកងទ័ព ជើងទឹកអាមេរិក មកធ្វើការត្រួតពិនិត្យនាវាទាំងអស់ជាកំហិត នៅក្នុងកំពង់រុស្ស៊ី ជាសេណារីយ៉ូមួយ មិនសមហេតុផល និងពុំអាចទទួលយកបានទ្បើយ ដោយសារទង្វើនេះ វាមានន័យថា ជាការចង់ប្រកាសសង្គ្រាមហើយ »។

ការអត្ថាធិប្បាយនេះ បានធ្វើឡើងបន្ទាប់ពីសភាអាមេរិក បានអនុម័តច្បាប់ដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងជាមួយកូរ៉េខាងជើង ដែលវានឹងអនុញ្ញាតឲ្យអាមេរិក អាចធ្វើការគ្រប់គ្រងលើកំពង់ផែសមុទ្រ និងផ្លូវសមុទ្រនៅតំបន់ Far East រួមទាំងកំពង់ផែរុស្ស៊ី Vanino, Nakhodka និង Vladivostok ផងដែរ។

សមាជិកព្រឹទ្ធសភារូបនេះ បានបញ្ជាក់ថា គ្មាននរណាម្នាក់បានផ្ដល់សិទ្ធិផ្លូវការឲ្យប្រទេសមហាអំណាចអាមេរិក ដើម្បីអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាកូរ៉េខាងជើងនោះទេ និងថែមទាំងបានលើកទ្បើងថា ក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបង្កើតបឋមភាពនៃច្បាប់របស់ខ្លួនឯង យកមកអនុវត្តលើច្បាប់អន្តរជាតិហើយ៕់

មតិយោបល់