កម្ពុជា នឹងទទួលបានឥណទានសម្បទាន ៣៦លានដុល្លារអាមេរិក ពីមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម IFAD ដើម្បីជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនៅកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃនេះ។
គម្រោងជម្រុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនេះ មានគោលដៅលើកម្ពស់ជីវភាពកសិករខ្នាតតូច ឲ្យទទួលបានផលចំណេញខ្ពស់ពីការធ្វើកសិកម្ម ជាពិសេសការជម្រុញតភ្ជាប់ឲ្យដល់ទីផ្សារកសិកម្ម។
គម្រោងនេះ នឹងផ្តោតលើមុខទំនិញចំនួន ៥មុខ រួមមាន៖ ស្រូវ បន្លែ មាន់ចិញ្ចឹមជាលក្ខណៈគ្រួសារ ដំឡូង និងសូត្រ ហើយនឹងពង្រីកមុខទំនិញនៅជំហានបន្តបន្ទាប់ទៀត តាមតម្រូវការជាក់ស្តែង។
គម្រោងខាងលើនេះ នឹងត្រូវដឹកនាំអនុវត្តដោយក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍ជនបទ មានរយៈពេលអនុវត្តចំនួន ៦ឆ្នាំ ចាប់ពីឆ្នាំ ២០១៧ ដល់ ២០២២។
គួរជម្រាបដែរថា គិតមកដល់បច្ចុប្បន្ន ដោយរាប់ទាំងគម្រោងនេះផង ទំហំកិច្ចសហប្រតិបត្តិការរវាង IFAD ជាមួយរាជរដ្ឋាភិបាលកម្ពុជា បានកើនឡើងដល់ ១៨៩លានដុល្លារអាមេរិក៕
មតិយោបល់