ក្រុមហ៊ុនអាកាសចរណ៍ Air Asia នឹងបើកជើងហោះហើរត្រង់ពី ម៉ាឡេស៊ី មកកាន់ ខេត្តព្រះសីហនុ ដោយចាប់ផ្តើមដំបូង ៤ជើង ក្នុង ១សប្តាហ៍។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោក Anthony F. Fernandees ប្រធានប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia បានឲ្យដឹងថា ជើងហោះហើរដំបូងគឺ ៤ជើងក្នុង ១សប្តាហ៍ ហើយ ៣ខែក្រោយមក នឹងមានការហោះហើរជារៀងរាល់ថ្ងៃ។
ឥឡូវនេះ ក្រុមហ៊ុន បានចាប់ផ្តើមដំណើរការលក់សំបុត្រយន្តហោះនេះហើយ ហើយលោក Anthony ក៏ជឿជាក់ដែរថា ក្រុមហ៊ុននឹងជម្រុញភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជា ចំនួន ៣លាននាក់ នាពេល ៥ឆ្នាំខាងមុខនេះ។
សម្តេចតេជោ ក៏បានស្វាគមន៍ចំពោះ ការហោះហើរត្រង់ជាលើកដំបូង ដែលនឹងនាំយកភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាបានកាន់តែច្រើន និងផ្តល់នូវជម្រើសបន្ថែមដល់ប្រជាជនកម្ពុជា ដោយអាចហោះហើរពី ក្រុងព្រះសីហនុទៅកាន់ទីក្រុងកូឡាឡាំពួរទៀតផង។
គួររម្លឹកដែរថា ក្រុមហ៊ុន Air Asia ពីមុន មានយន្តហោះតែ ២គ្រឿងប៉ុណ្ណោះ តែបច្ចុប្បន្នមានរហូតដល់ ២០០គ្រឿង និងកំពុងបញ្ជាទិញបន្ថែមទៀត សម្រាប់សេវាដឹកជញ្ជូនអ្នកដំណើរនេះ៕
មតិយោបល់