ក្រោយកិច្ចប្រជុំនៅទីស្តីការក្រសួងកសិកម្មពាក់ព័ន្ធនឹង បញ្ហាផលិតកម្មជ្រូក ការនាំចូលជ្រូកមកកម្ពុជា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានពន្យល់ថា ចង់ដោះស្រាយបញ្ហាតម្លៃជ្រូក គឺត្រូវបន្ស៊ីគ្នារវាង ផលិតកម្មជ្រូកក្នុងស្រុក និងការនំាចូលជ្រូកពីប្រទេសជិតខាង។
លោកបន្តថា មិនមែនត្រឹមតែរឿងសត្វជ្រូកប៉ុណ្ណោះទេ សត្វយកសាច់ផ្សេងៗទៀត ក៏អាចធ្វើបានដូចគ្នា ពោលគឺ បង្កើតសហព័ន្ធចិញ្ចឹមសត្វ ដើម្បីគ្រប់គ្រងទូទាំងប្រទេស។
សមាគមចិញ្ចឹមសត្វ អាចបង្កើតជា សហព័ន្ធចិញ្ចឹមសត្វ ហើយនៅតាមបណ្តារាជធានីខេត្ត ត្រូវមានសមាគមចិញ្ចឹមសត្វ ព្រោះវានឹងងាយស្រួលដល់ថ្នាក់ដឹកនាំ ក្នុងការគ្រប់គ្រងសត្តឃាតដ្ឋាន ការនាំចូល និងការលក់ជូនប្រជាជន ក្នុងតម្លៃសមស្រប មិនប៉ះពាល់ជីវភាពប្រជាពលរដ្ឋ។
បើសិន ផលិតកម្មសត្វក្នុងស្រុក អាចធានាលើការផ្គត់ផ្គង់ និងធានាឲ្យបានគ្រប់គ្រាន់ មិនឲ្យតម្លៃទីផ្សារឡើងថ្លៃ នោះក្រសួង នឹងមានភាពងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ អាចឈានដល់ការកំណត់ចំនួនសត្វ ដែលអាចចិញ្ចឹមក្នុងស្រុក និងចំនួនសត្វ ដែលអាចនាំចូលមកបាន។
លោក វេង សាខុន បានឲ្យដឹងទៀតថា អ្វីដែលជាឆន្ទៈ ការចង់បាន វិធានការរបស់ក្រសួង គឺ គ្រប់ភាគីត្រូវតែគោរពច្បាប់ ហើយក្នុងករណីមានអ្នកបំពានច្បាប់ គឺមិនមានការលើកលែងនោះទេ និងផាកពិន័យក្នុងកម្រិតអតិបរមា។
យ៉ាងណាមិញ លោក ក៏គាំទ្រដល់ការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងស្រុក ដែលចង់ផ្គត់ផ្គង់ជ្រូកក្នុងស្រុក ១០០ភាគរយ ដោយហេតុផល ក្រសួងងាយស្រួលគ្រប់គ្រង ត្រួតពិនិត្យសុខភាព ការចិញ្ចឹម និងការផ្តល់ចំណីផងដែរ។
គួរជម្រាបដែរថា សង្គមកម្ពុជាកាន់តែស៊ីវិល័យ ប្រជាជនចេះយល់ដឹងពីបញ្ហាសុខភាពច្រើន ចេះជ្រើសរើសចំណីអាហារពី ប្រភពល្អៗ គឺជាដំណើរវិជ្ជមាននៃ ការរីកចម្រើនៃសេដ្ឋកិច្ចប្រទេសកម្ពុជា៕
មតិយោបល់