ព័ត៌មានសេដ្ឋកិច្ច

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ១៩០គីឡូម៉ែត្រ គ្រោងចាប់ផ្តើមចុងឆ្នាំ ២០១៧នេះ

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រវែងប្រមាណ ១៩០គីឡូម៉ែត្រ គ្រោងនឹងបើកការដ្ឋាន នៅចុងឆ្នាំ ២០១៧ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន China Communications Construction Company។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនចិនមួយនេះ​ បានវិនិយោគជាទឹកប្រាក់ប្រមាណ ១៦០០លានដុល្លារអាមេរិករួចមកហើយ លើគម្រោងចំនួន ១៦ នៅកម្ពុជា ហើយគ្រោងនឹងសាងសង់ផ្លូវដែក និងកំពង់ផែ ក្នុងប្រទេសកម្ពុជាផងដែរ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿននេះ នឹងមានច្រកចេញច្រកចូលតែ ៧កន្លែងប៉ុណ្ណោះ តភ្ជាប់ទៅផ្លូវជាតិលេខ ៤ ហើយផ្លូវ Express Way នេះ ជាផ្លូវបិទជិត មិនឲ្យមានអ្វីឆ្លងកាត់នោះឡើយ។

គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានចុះកិច្ចព្រមព្រៀងសាងសង់ជាមួយ សាជីវកម្មស្ពានថ្នល់ចិន ដែលគម្រោងនេះ ជាប្រភេទគម្រោងសាងសង់ ដំណើរការ និងគ្រប់គ្រងដោយក្រុមហ៊ុនឯកជន មុននឹងផ្ទេរជូនរាជរដ្ឋាភិបាល (BOT)។

គម្រោងផ្លូវល្បឿនលឿន ឬហៅថា Express Way នេះ នឹងមានផ្លូវ ២ខ្សែទៅ និង ២ខ្សែមក ដែលរំពឹងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៧ និងបញ្ចប់នៅឆ្នាំ ២០២០។

នៅពេលគម្រោងនេះបញ្ចប់ វានឹងផ្តល់ប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសគឺ ចំនេញពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរ ព្រោះផ្លូវ Express Way នេះ មានផ្លូវឯកទិសប៉ុណ្ណោះ មិនមានផ្លូវឆ្លងកាត់ច្រើននោះឡើយ។

គួរជម្រាបផងដែរថា គម្រោង Express Way ដែលមានប្រវែងប្រមាណ ២៣០គីឡូម៉ែត្រ ទទឹង ២០ម៉ែត្រ អាចនឹងត្រូវបន្ថយមកត្រឹម ១៩១.៦គីឡូម៉ែត្រ ស្នើដោយក្រុមហ៊ុន Ernst & Young ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ សម្រាប់ការសិក្សាផ្លូវល្បឿនលឿននេះ។

គម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿន នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ ការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន ជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ៕

មតិយោបល់