ព័ត៌មានសេដ្ឋកិច្ច

ប្រព័ន្ធចុះបញ្ជីម៉ាកពាណិជ្ជកម្មតាមអនឡាញ ធានាគ្មានអំពើពុករលួយ ១០០ភាគរយ

នាព្រឹកនេះ ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឲ្យដំណើរការនូវ ប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកពាណិជ្ជកម្ម តាមអនឡាញ ដែលធានាគ្មានអំពើពុករលួយ ១០០ភាគរយ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានពន្យល់ថា ការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម នឹងធានាគ្មានអំពើពុករលួយ ១០០ភាគរយ ដោយការស្នើសុំចុះបញ្ជី និងទទួលសេវាផ្សេងៗពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្ម ត្រូវដំណើរការនៅលើប្រព័ន្ធអនឡាញ ដោយស្វ័យប្រវត្តិ។

ការចុះបញ្ជីម៉ាកពាណិជ្ជកម្មថ្មីៗ ចាប់ពីពេលនេះទៅ នឹងត្រូវធ្វើឡើងនៅតាមប្រព័ន្ធអនឡាញ រីឯ ឯកសារចុះបញ្ជីចាស់ៗ ដែលសរសេរដោយដៃ នឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធនេះជាបន្តបន្ទាប់។

ប្រព័ន្ធថ្មីនេះ នឹងផ្តល់ភាពងាយស្រួលជាងមុន ដោយអាចកាត់បន្ថយពេលវេលា និងថវិកាចំណាយ ក្នុងការស្វែករកលទ្ធភាពចុះបញ្ជីម៉ាក និងការស្នើសុំសេវាផ្សេងៗ ពាក់ព័ន្ធនឹងម៉ាកតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងការគ្រប់គ្រងប្រព័ន្ធចុះបញ្ជីម៉ាកប្រកបដោយប្រសិទ្ធភាព។

ការធ្វើទំនើបកម្មលើប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងម៉ាកពាណិជ្ជកម្ម គឺការពារអត្ថប្រយោជន៍វិស័យឯកជន និងសាធារណជនជាតិ ជាពិសេសពង្រឹងការអនុវត្តច្បាប់ និងទប់ស្កាត់ការរំលោភបំពានកម្មសិទ្ធិបញ្ញានៅក្នុងប្រទេស។

តាមរយៈប្រព័ន្ធស្នើសុំចុះបញ្ជីម៉ាកតាមអេឡិចត្រូនិក ដែលដាក់ឲ្យដំណើរការថ្ងៃនេះ សាធារណជនអាចដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធនឹងម៉ាកពាណិជ្ជកម្មនៅគ្រប់ទីកន្លែង ដោយគ្រាន់តែចូលទៅកាន់គេហទំព័រwww.efiling.cambodiaip.gov.khរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម។

គួរជម្រាបផងដែរថា ក្រសួងពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំថា ប្រធានក្រុមហ៊ុន សហគ្រាស សាខា ការិយាល័យតំណាង បុត្រសម្ព័ន្ធ ឬទីភ្នាក់ងារទាំងអស់ នឹងរួសរាន់ចុះបញ្ជីសារឡើងវិញតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ជាក់ជាមិនខាន៕

មតិយោបល់