ទីផ្សារកសិកម្មសរីរាង្គនៅកម្ពុជា សង្ឃឹមមានការផ្ទុះឡើងខ្លាំង ក្រោយការអនុវត្តន៍ប្រព័ន្ធធានាដោយមានការចូលរួម PGS ដើម្បីកសាងទំនុកចិត្តរវាងអ្នកផ្គត់ផ្គង់ នឹងអ្នកទិញ។ នេះបើយោងតាមការឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ធ្វើឡើងដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ កាលពីព្រឹកមិញនេះ។
លោក គៀន សុភា អនុប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងជាមន្រ្តីបង្គោលនៃកម្មវិធី PGS បានប៉ាន់ប្រមាណថា កម្ពុជា ត្រូវការបន្លែប្រមាណ ៥០០តោន ទៅ ៦០០តោនក្នុង១ថ្ងៃ ខណៈការផ្គត់ផ្គង់បន្លែក្នុងស្រុក នៅមានចំនួនទាបនៅឡើយ។
ម៉្យាងវិញទៀត បន្លែនាំចូល គឺមានប្រភពមិនច្បាស់លាស់ មិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់ ហើយប្រជាជាជន កំពុងងាកមករកបន្លែសរីរាង្គ ដែលមានតម្លៃថ្លៃខ្ពស់ជាងបន្តិច តែធានាបាននូវសុវត្ថិភាព។
លោកបានបន្តថា នៅទីក្រុងភ្នំពេញ កាលពីឆ្នាំ ២០១៦ ការផ្គត់ផ្គង់បន្លែសរីរាង្គគឺប្រមាណ ២០តោនប៉ុណ្ណោះ ក្នុង១ថ្ងៃ ដែលនៅមានសក្តានុពលខ្ពស់ណាស់ សម្រាប់ទីផ្សារកម្ពុជា។
បញ្ហាចម្បងសម្រាប់កសិកម្មសរីរាង្គគឺ កង្វះខាតទំនុកចិត្ត ពីអ្នកផ្គត់ផ្គង់ និងអ្នកទិញ។ កសិករសរីរាង្គ ឬអ្នកផ្គត់ផ្គង់ ភាគច្រើនជាកសិករក្រីក្រ ពិបាកចុះឈ្មោះសុំ វិញ្ញាបនបត្របញ្ជាក់ពីផលិតផលសរីរាង្គ (មានតម្លៃថ្លៃ) ពិបាកទាក់ទងរកទីផ្សារ ហើយអ្នកផ្គត់ផ្គង់ខ្លះទៀត ប្រកាសដោយខ្លួនឯងថា ជាផលិតផលសរីរាង្គ ដែលជាហេតុធ្វើឲ្យអ្នកទិញ ពិបាកនឹងទុកចិត្ត។
យ៉ាងណាមិញ ប្រព័ន្ធធានាដោយមានការចូលរួម (PGS) នឹងត្រូវដាក់បញ្ចូលក្នុង ច្បាប់ស្តង់ដាសរីរាង្គថ្នាក់ជាតិ ដែលគ្រោងនឹងប្រកាសក្នុងខែមិថុនា ខាងមុខនេះ រង់ចាំការអនុម័តយល់ព្រមដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ប្រព័ន្ធ PGS ដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកសិករខ្នាតតូច ឲ្យចូលរួមធ្វើកសិកម្មសរីរាង្គ ដោយមានទំនុកចិត្ត ហើយអ្នកទិញ ក៏បានស្វែងរកផលិតផលសរីរាង្គ ក្នុងតម្លៃសមរម្យ និងមានសុវត្ថិភាពផងដែរ។
គួរជម្រាបដែរថា ប្រព័ន្ធ PGS គឺជាវិញ្ញាបនបត្រមួយបញ្ជាក់ពី គុណភាពនៃផលិតផលសរីរាង្គ ដែលសាកសម្តិបំផុត សម្រាប់កសិករខ្នាតតូច ហើយអតិថិជនអាចទិញផលិតផលដោយផ្ទាល់ពីក្រុម PGS ក្នុងតម្លៃសមរម្យ និងមានសុវត្ថិភាពខ្ពស់៕
មតិយោបល់