ព័ត៌មានសេដ្ឋកិច្ច

គិតត្រឹមរសៀលថ្ងៃនេះ ពលរដ្ឋនៅអគារប៊ូឌីញ ១១០បន្ទប់ ទូទាត់ប្រាក់រួច ទៅតាំងទីលំនៅថ្មី

គិតត្រឹមរសៀលថ្ងៃនេះ ប្រជាពលរដ្ឋ ជាម្ចាស់ចំណែកឯកជន ក្នុងអគារសហកម្មសិទ្ធិប៊ូឌីញស ចំនួន ១១០បន្ទប់ បានទទួលប្រាក់ទូទាត់រួច និងបានប្រគល់បន្ទប់ជូនក្រុមហ៊ុន។

ចាប់ពីពេលនេះទៅ ពួកគាត់បានចាកចេញពីបន្ទប់ស្នាក់នៅ ទៅតាំងទីលំនៅថ្មី តាមបំណងប្រាថ្នា ហើយក្រុមហ៊ុនក៏បានឧបត្ថម្ភថវិកា ១០០ដុល្លារអាមេរិកសម្រាប់ការរើឥវ៉ាន់ចេញ​ ព្រមទាំងផ្តល់ជូនសារុង ១ និងក្រមា ១ ដែលជាអំណោយរបស់សម្តេចតេជោ ផងដែរ។

តាមការឲ្យដឹងពីប្រជាពលរដ្ឋអគារប៊ូឌីញ គឺបញ្ជាក់ថា ទំហំទឹកប្រាក់ ដែលពួកគាត់ទទួលបាន គឺអាស្រ័យទៅលើទំហំបន្ទប់ដែលគាត់រស់នៅ ពោលគឺ ចន្លោះពី ១០ ដល់ ៥០ម៉ែត្រការ៉េ គិតជាទឹកប្រាក់ប្រមាណ ១៤,០០០ ដល់ ៧០,០០០ដុល្លារអាមេរិក។

យ៉ាងណាមិញ ទំហំជាមធ្យមនៅជាន់លើ គឺចន្លោះពី ៣០ ទៅ ៣៥ម៉ែត្រការ៉េ គិតជាទឹកប្រាក់ប្រមាណ ៥ម៉ឺនដុល្លារអាមេរិក។

ពលរដ្ឋទាំងអស់ បាននិងកំពុងចាកចេញចាប់ពីថ្ងៃទី ៦ មិថុនា ដល់ ទី ៦ កក្កដានេះ ដោយទទួលបានប្រាក់ឧបត្ថម្ភ ១០០ដុល្លារអាមេរិក សម្រាប់ការរើឥវ៉ាន់ ហើយអ្នករើឥវ៉ាន់ចេញពីបន្ទប់អគារនេះរួចរាល់ នឹងទទួលបានសែកទៅបើកនៅធនាគារភ្លាមៗ។

លើសពីនេះទៅទៀត នៅថ្ងៃទី ១០ ខែមិថុនាខាងមុខនេះ នឹងមានការរៀបចំពិធីជប់លៀងសាមគ្គីអបអរសាទរគម្រោងអគារប៊ូឌីញ ស ដែលជាការលាគ្នាចុងក្រោយនៃពលរដ្ឋធ្លាប់រស់នៅទីនោះ។

សម្រាប់ការអភិវឌ្ឍន៍អគារថ្មី ក្រសួង នឹងសហការជាមួយក្រុមហ៊ុន Arakawa ចាប់ផ្តើមសាងសង់លើគម្រោងសាងសង់អគារថ្មី ២១ជាន់ ដោយចំណាយទឹកប្រាក់ប្រមាណ ៨០លានដុល្លារអាមេរិក។

អគារថ្មីនេះ នឹងមានចំណតចំនួន ៣ជាន់, កន្លែងលក់ដូរ ១ជាន់ និងកន្លែងស្នាក់នៅ ៥ជាន់ ហើយចាប់ពីជាន់ទី ៩ឡើងទៅ ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុន Arakawa៕

មតិយោបល់