ព័ត៌មានកីឡា

ក្លិបភ្នំពេញក្រោន បានរៀបចំឲ្យមានការប្រកួតបាល់ទាត់មួយមានឈ្មោះថា«AEON Youth League 2017»

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានរៀបចំឲ្យមានការប្រកួតបាល់ទាត់មួយ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សកម្មភាពយុវជន និងស្ត្រីក្នុងវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ក៏បានបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយដែលមានឈ្មោះថា «AEON Youth League 2017» នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ក្លិបបានបង្ហោះ។

គម្រោងនៃការប្រកួតធ្វើឡើងរយ:ពេល ៦ ខែ ដែលមានការចូលរួមពីសំណាក់ក្រុមប្រមាណជាជិត ៥០ ក្រុមជាមួយនឹងកីឡាករ-កីឡាការិនីសរុបជាង ៩០០ នាក់ ក្រោមការឧបត្ថម្ភដោយសម្ព័ន្ធក្រុមហ៊ុន AEON ដែលរួមមានដូចជា៖ អុីអនកម្ពុជា (AEON – Cambodia), ផ្សារទំនើបអុីអនម៉លភ្នំពេញ (AEON MALL Phnom Penh) និងធនាគារឯកទេសអុីអនកម្ពុជា (AEON Specialized Bank Cambodia) ។ ការប្រកួតនេះនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន RSN ក្រោមការរៀបចំរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដោយមានបែងចែកតាមកម្រិតអាយុដូចជា៖ អាយុក្រោម ១៧ឆ្នាំ, អាយុក្រោម ១៥ឆ្នាំ, អាយុក្រោម ១៣ឆ្នាំ, អាយុក្រោម ១១ឆ្នាំ និងក្រុមបាល់ទាត់នារីផងដែរ ។

សូមបញ្ជាក់ថា សម្រាប់ក្រុមអាយុក្រោម ១៧ឆ្នាំ និង ១៥ឆ្នាំ នឹងត្រូវចែកចេញជា ២ក្របខណ្ឌគឺ កម្រិត Premier ដែលមាន ៨ក្រុម និងកម្រិត Challenge ដែលមាន ៦ក្រុម ដោយគ្រប់ក្រុមមានសមាជិក ១១នាក់ និងប្រកួតនៅលើទីលានហ្វឹកហាត់នៃកីឡដ្ឋាន RSN ដោយមានការត្រួតពិនិត្យពីអាជ្ញាកណ្តាលមកពីវិទ្យាស្ថានអប់រំកាយ និងកីឡា (NIPES) ។ ចំណែកឯក្រុមអាយុក្រោម ១៣ឆ្នាំ, ក្រោម ១១ឆ្នាំ និងក្របខណ្ឌនារីវិញ គឺមានសមាជិក ៩នាក់ និង ៦នាក់ក្នុងក្រុមនីមួយៗហើយត្រូវប្រកួតគ្នានៅលើតារាងហ្វូតសាលរបស់ក្លឹបភ្នំពេញក្រោន ។

ចំពោះក្រុមដែលមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍ AEON Youth League 2017 នេះសូមទាក់ទងមកកាន់អុីម៉ែល៖ Sievlenga@gmail.com ឬតាមរយ:ទូរសព្ទលេខ៖ 098 468 180 ដើម្បីទទួលបានពាក្យស្នើសុំចូលរួម ដោយនឹងផុតកំណត់នៅថ្ងៃច័ន្ទ ទី១៩ ខែមិថុនាខាងមុខនេះហើយ ។

មតិយោបល់