ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៧នេះតទៅ តម្លៃសំបុត្រសម្រាប់ចូលទស្សនាសារមន្ទីរជាតិ នឹងឡើងថ្លៃដល់ ១០ដុល្លារអាមេរិក សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង និងតម្លៃ ៥ដុល្លារអាមេរិក សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលមានអាយុចាប់ពី ១០ឆ្នាំ ដល់ ក្រោម ១៨ឆ្នាំ។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញផ្សាយកាលពីម្សិលមិញនេះ។
សម្រាប់សារមន្ទីរទួលស្លែង ក៏មានការតម្លើងថ្លៃសំបុត្រចូលទស្សនាផងដែរគឺ ៥ដុល្លារអាមេរិក សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង និងតម្លៃ ៣ដុល្លារអាមេរិក សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលមានអាយុចាប់ពី ១០ឆ្នាំ ដល់ ក្រោម ១៨ឆ្នាំ។
សារមន្ទីរជាតិកម្ពុជា បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ២.៥សែននាក់ កាលពីឆ្នាំ ២០១៦ នឹងរកចំណូលបានជិត ៧សែនដុល្លារអាមេរិក។
យោងតាមរបាយការណ៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវ ២.៥សែននាក់ មានភ្ញៀវជាតិប្រមាណជិត ៤ម៉ឺននាក់ នឹងរកចំណូលសរុបបាន ៦៤២,៦៤២ដុល្លារអាមេរិក។
សារមន្ទីរជាតិ ស្ថិតនៅក្បែរព្រះបរមរាជវាំង ចំកណ្តាលរាជធានីភ្នំពេញ ដែលប្រមូលផ្តុំទៅដោយ រូបចម្លាក់ វត្ថុបុរាណ និងជាកន្លែងដ៏សាកសមបំផុត សម្រាប់សិក្សាពីប្រវត្តិសាស្រ្តកម្ពុជា។
គួររម្លឹកដែរថា សារមន្ទីរជាតិ ត្រូវបានកសាងក្នុងអំឡុងឆ្នាំ ១៩១៧ និង ១៩២៤ និងជួសជុលឡើងវិញនៅឆ្នាំ ១៩៦៨៕
មតិយោបល់