ព័ត៌មានសេដ្ឋកិច្ច

Isuzu រំពឹងទុកខ្ពស់លើការលក់ ក្រោយកាន់កាប់ ៣០%នៃចំណែកទីផ្សាររថយន្ត Pickup

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Tri Petch Isuzu Cambodia បានបង្ហាញពី ការរំពឹងទុកខ្ពស់លើ ការលក់រថយន្តថ្មីនៅកម្ពុជា ក្រោយពីបានកាន់កាប់ចំណែកទីផ្សារជាង ៣០ភាគរយ នៃទីផ្សាររថយន្ត Pickup នៅកម្ពុជា។

លោក Akira Odagaki ប្រធានក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ ខេមបូឌា បានឲ្យដឹងថា កាលពីឆ្នាំ ២០១៦កន្លងទៅ ការលក់រថយន្តរបស់ Isuzu នៅកម្ពុជា បានកើនឡើង ៩០ភាគរយ ដែលជាចំនុចវិជ្ជមានសម្រាប់ទីផ្សារ Isuzu នៅកម្ពុជា។

លោក រំពឹងទៀតថា ក្រុមហ៊ុន នឹងអាចរក្សាកំណើននៃការលក់ក្នុងរង្វង់ ១០ភាគរយ ដែលលក្ខណៈថេរ និងយូរអង្វែងទៅមុខទៀត។

ក្រុមហ៊ុន ទ្រី ផេដ ហ្រ្គុប តំណាងដោយលោក Akira Odagaki ប្រធានក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ ខេមបូឌា ឯ.ក ដែលជាក្រុមហ៊ុនចែកចាយរថយន្ត អ៊ីស៊ូហ្ស៊ុ Pickups និង SUV ផ្តាច់មុខនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្ហាញថា «ការទទួលបានឱកាសជ្រៀតចូល​ក្នុង​ទីផ្សារ​នៃ​រថយន្តភីកអាប់ “Isuzu D-Max” និង “Isuzu MU-X SUVs នៅក្នុងទីផ្សារ​សំខាន់ៗ ដូចជា កម្ពុជា និងឡាវ គឺជាជំហ៊ានសំខាន់បន្ទាប់ទៀត សម្រាប់ក្រុមហ៊ុន ​​​​ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល និងសាខាក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ នៅក្នុងទីផ្សារតំបន់អាស៊ាន។»

ការទាក់ទាញចំណាប់អារម្មណ៍នៃម៉ាក “Isuzu” អស់រយៈ​ពេលមួយឆ្នាំពេញ​នៅក្នុងទីផ្សារកម្ពុជា តាមរយៈការផ្តល់ជូននូវគុណភាពយានយន្តពីក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ ជា​មួយនឹងកំណើននៃការលក់ និងសេវាកម្មក្រោយការលក់​ ដើម្បីពង្រឹង​ទំនុក​ចិត្ត​ម្ចាស់យានយន្ត ជាលទ្ធផលទទួលបានកំណើននៃការលក់ ចំនួន ៩០ភាគរយ នៃរថយន្ត អ៊ីស៊ូហ្ស៊ុ នៅក្នុងប្រទេសកម្ពុជា។

ជាចុងក្រោយ ក្រុមហ៊ុនក៏បង្ហាញភាពជឿជាក់ថា រថយន្ត «The New Isuzu MU-X»​​ នឹងក្លាយជាកម្លាំងជម្រុញដ៏សំខាន់សម្រាប់ក្រុមហ៊ុន ទ្រី ផេដ ហ្រ្គុប ដើម្បីបង្កើនចំនួននៃការលក់ឲ្យបានខ្ពស់ និងជួយឲ្យម៉ាករថយន្ត អ៊ីស៊ូហ្ស៊ុ សម្រេចបាន​​គោល​ដៅខ្ពស់ នោះគឺការអភិវឌ្ឍ និងបង្កើតនូវ​ផលិតផលប្រកបដោយគុណភាពសម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅជុំវិញពិភពលោក៕

មតិយោបល់