កាលពីពេលថ្មីៗនេះ សាធារណជន មានមន្ទិលជាច្រើន ជុំវិញការហៅស៊ីញ៉ូទូរស័ព្ទ (Missed Call) ពីក្រៅប្រទេស ចូលមកទូរស័ព្ទដៃក្នុងស្រុក ដោយចម្លែកពី ប្រទេស Vanuatu នូវលេខទូរស័ព្ទ +678 559 4523/+678 559 4589 និងមកពីប្រទេសអាហ្វហ្គានីស្ថាន (+375) ប្រទេសឡាទីវ៉ា (+371) ប្រទេសស៊ែប៊ី (+381) ប្រទេស Valparaiso (+563) ប្រទេស Vilnuis (+370) ប្រទេសតង់ហ្សានី (+255) ដែលការហៅបកទៅវិញ អាចកាត់លុយច្រើនខុសធម្មតា ឬអាចលួចយកទិន្នន័យនៅក្នុងទូរស័ព្ទដៃរ។
ជាការឆ្លើយតបពី ក្រុមហ៊ុន Smart Axiata បានឲ្យដឹងថា៖
១.ក្រុមហ៊ុនតែងតែតាមដានលើ ការហៅស៊ីញ៉ូចូលពីលេខទូរស័ព្ទក្រៅប្រទេសមិនប្រក្រតីទាំងនោះ ដើម្បីបិទផ្លូវកុំឲ្យមានការផ្តល់រាល់ហានិភ័យជាយថាហេតុ ដល់អតិថិជន ឬអ្នកប្រើប្រាស់ តាមរយៈការបិទលេខទាំងនេះ។
២.ចំពោះហានិភ័យដែលសង្ស័យថាការហៅចូល និងលើកសន្ទនាជាមួយនឹងលេខ ដែលហៅចូលមិនប្រក្រតីទាំងនេះ ថាគេនឹងអាចទាញយកព័ត៌មាន និងទិន្នន័យដែលកក់ត្រាទុក ពីទូរស័ព្ទដៃរបស់អតិថិជន ឬអ្នកប្រើប្រាស់ក្នុងស្រុកយើងនោះ គឺមិនមានបច្ចេកទេសណាអាចធ្វើបានឡើយ។
៣.មានហានីភ័យតែមួយគត់ធ្វើឲ្យប៉ះពាល់ដល់អតិថិជន ឬអ្នកប្រើប្រាស់ គឺការលើកទូរស័ព្ទហៅទៅលេខ Missed Call Number មិនប្រក្រតីទាំងនោះ និងទទួលការសន្ទនាជាមួយលេខអ្នកកាន់លេខទាំងនោះ ដែលបណ្តាលឲ្យអស់ទឹកលុយតាមអត្រាសន្ទនាទូរស័ព្ទអន្តរជាតិ តាមប្រទេសទាំងនោះ ក្នុងមួយនាទី ទៅតាមអត្រាកំណត់របស់ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទក្នុងស្រុក ដែលអ្នកប្រើប្រាស់បណ្តាញរបស់ខ្លួន និងគិតតាមអត្រាថ្លៃ និងចំនួននាទីសន្ទនាជាក់ស្តែងដែលបានសន្ទនានោះ។
គួរជម្រាបដែរថា ដើម្បីទប់ស្កាត់ហានិភ័យមួយនេះ គ្មានអ្វីក្រៅពី អតិថិជន ឬអ្នកប្រើប្រាស់ទូរស័ព្ទដៃទាំងអស់ ក្នុងករណីមើលឃើញលេខទូរស័ព្ទ (Missed Call) សូមកុំលើកសន្ទនា និង មិនត្រូវហៅបកទៅវិញឡើយ កុំឲ្យខាតបង់ថវិកាដោយមិនមានប្រយោជន៍៕
មតិយោបល់